ព័ត៌មានអន្តរជាតិ

លោក Pompeo ជំរុញអេស៊ីបឲ្យរក្សាអ្នកទោស អាមេរិក ឲ្យមានសុវត្ថិភាព ពីវីរុសកូរ៉ូណា

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នាពេលថ្មីៗនេះ បានធ្វើការសង្កត់ធ្ងន់ប្រាក់ដល់រដ្ឋមន្ត្រី ការបរទេសអេស៊ីបថា ជនជាតិអាមេរិក ដែលជាប់ពន្ធនាគារ នៅក្នុងប្រទេសអេស៊ីប គួរតែទទួលបានការរក្សាឲ្យមានសុវត្ថិភាព នៅក្នុងអំឡុងពេលផ្ទុះឆ្លងវីរុសកូរ៉ូណា នេះបើយោងតាមសេចក្តី រាយការណ៍របស់ក្រសួង ការបរទេសអាមេរិក។

ក្រសួងការបរទេសអាមេរិក មិនបានផ្តល់សេចក្តីលម្អិតណាមួយ ស្តីពីអ្នកទោសទាំងនោះនោះទេ តែជនជាតិអាមេរិក៣រូប ដែលជាប់ឃុំនៅ ក្នុងប្រទេសអេស៊ីប ត្រូវបានគេលើកឡើង នៅក្នុងលិខិតមួយ ដែលក្រុមសមាជិកព្រឹទ្ធសភា បញ្ជូនទៅឲ្យលោក Pompeo នៅក្នុងខែនេះ ស្នើឲ្យលោកសុំឲ្យមានការដោះលែង ជនជាតិអាមេរិក ដែលជាប់ឃុំក្នុងប្រទេស មួយចំនួន ដោយលើកឡើង ពីហានិភ័យពីវីរុសថ្មី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិក បាននិយាយប្រាប់ថា លោក Pompeo នៅក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រី ការបរទេសអេស៊ីប លោក Sameh Shoukry បានធ្វើការសង្កត់ធ្ងន់ថា ពលរដ្ឋអាមេរិកដែលជាប់ពន្ធនាគារ គួរតែមានសុវត្ថិភាព និងទទួលបានចូលទៅសួរសុខទុក្ខពីកុងស៊ុល នៅក្នុងអំឡុង ការផ្ទុះឆ្លងនៃវីរុសកូរ៉ូណា៕
ប្រែសម្រួល៖ប៉ាង កុង

To Top