ព័ត៌មានអន្តរជាតិ

ស៊ែប៊ី បញ្ជូនយន្តហោះ ៤គ្រឿង ដឹកបរិក្ខារពេទ្យ ទៅអ៊ីតាលី

បរទេស ៖ ប្រទេសស៊ែប៊ី នៅថ្ងៃសៅរ៍នេះ បានបញ្ជូនយន្តហោះ ចំនួន៤គ្រឿង ដឹកគ្រឿងបរិក្ខារពេទ្យ រួមមានស្រោមដៃ ម៉ាស់ និងសម្លៀកបំពាក់ការពារ ទៅកាន់ប្រទេសអ៊ីតាលី សម្រាប់ជាការបរិច្ចាគ ជួយដល់ប្រទេស ជាសមាជិកសហភាពអឺរ៉ុប ដោះស្រាយបញ្ហាឆ្លងរាតត្បាត នៃវីរុសកូរ៉ូណា ។

ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានមានប្រសាសន៍ថា យន្តហោះផ្ទុកគ្រឿងបរិក្ខារពេទ្យ ៤គ្រឿង ផ្សេងទៀត នឹងត្រូវបញ្ជូនទៅ ក្នុងពេលពីរថ្ងៃទៀត ក៏នឹងជាការបរិច្ចាគធ្វើឡើង ដោយរដ្ឋាភិបាលស៊ែប៊ីផងដែរ ។ “យើងនឹងឈ្នះទាំងអស់គ្នា អ៊ីតាលីត្រូវតែក្លាហាន ស៊ែប៊ីកំពុងនៅជាមួយអ្នក” ។

គួរបញ្ជាក់ថា ទិន្នន័យការិយាល័យ ស្ថិតិក្នុងខែមករា បានបង្ហាញថា កាលពីឆ្នាំមុន ប្រទេសអ៊ីតាលី គឺជាដៃគូជំនួញដ៏ធំបំផុត លំដាប់ទីពីរ របស់ប្រទេសស៊ែប៊ី បន្ទាប់ពីប្រទេសអាល្លឺម៉ង់ ហើយក្រុមហ៊ុនអ៊ីតាលី រួមមានទាំងក្រុមហ៊ុន Fiat មានបុគ្គលិកជាង២០.០០០នាក់ នៅក្នុងប្រទេសស៊ែប៊ី ៕
ប្រែសម្រួល៖ប៉ាង កុង

To Top