បរទេស៖ នៅថ្ងៃនេះក្រុមប៉ូលីស របស់អាមេរិក បានអះអាងថាអតីតមន្ត្រីប៉ូលីសមួយរូប ដែលគ្រប់គ្នាបានឃើញ នៅក្នុងវិដេអូថា ជាអ្នកជាន់សង្កត់ក បុរសស្បែកខ្មៅ លោក George Floyd នោះកន្លងមក គឺធ្លាប់ទទួលរង នូវពាក្យបណ្តឹងប្រមាណជា ១៨មកហើយ។
ទោះបីជាយ៉ាងក្តី ក្រុមប៉ូលីស មិនបានបញ្ជាក់ ពីព័ត៌មានលំអិតនៃពាក្យបណ្តឹងផ្ទៃក្នុងនោះ មានពាក់ព័ន្ធទៅនឹង ករណីអ្វីខ្លះនោះទេ។
លោក Derek Chauvin អតីតមន្ត្រីប៉ូលីសរូបនេះ ត្រូវបានលុបឈ្មោះចោល ពីអង្គភាពប៉ូលីស និងត្រូវបានចាប់ខ្លួន កាលពីថ្ងៃសុក្រ ព្រមទាំងទទួលរង ការចោទប្រកាន់ ពីបទឃាតកម្មកម្រិត៣ នៃច្បាប់របស់អាមេរិកផងដែរ។
រំលឹកដែរថាលោក Floyd ដែលមានវ័យ៤៦ឆ្នាំ ជាអតីតកីឡាករ NBA ត្រូវបានក្រុមប៉ូលីស ដែលដឹកនាំដោយលោក Chauvin ចាប់ឃាត់ខ្លួន ទាំងដែលមិនមានអាវុធ។
នៅក្នុងវិដេអូ ដែលបានរីកសាយពេញប្រទេស បានបង្ហាញដែរថាលោក Floyd បានព្យាយាមស្រែក ទាំងវេទនាថា ពិបាកដងដង្ហើមណាស់ ប៉ុន្តែមិនត្រូវបានប៉ូលីសរូបនេះ បន្ថូរបន្ថយឡើយ ហើយក៏បានដាច់ខ្យល់ស្លាប់ នៅពេលបញ្ជូនទៅកាន់ មន្ទីរពេទ្យក្បែរនោះ៕
ប្រែសម្រួល៖ស៊ុនលី