ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រ និងស្លាប់ពិឡុតម្នាក់ ក្នុងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ នៅរដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក

បរទេស៖ មុននេះឧទ្ធម្ភាគចក្រមួយគ្រឿង ដែលចូលរួមក្នុងប្រតិបត្តិការ ពន្លត់អគ្គិភ័យ បានធ្លាក់នៅជិតអាកាសយានដ្ឋានក្រុង New Coalinga ។ មន្ត្រី FAA បាននិយាយថា ឧទ្ធម្ភាគចក្រនេះ បានធ្លាក់ចំងាយ ១១ គីឡូម៉ែត្រខាងត្បូងអាកាសយានដ្ឋាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមនាយកដ្ឋានការពារព្រៃឈើ និងអគ្គិភ័យរដ្ឋកាលីហ្វ័រញ៉ា គឺអ្នកបើកយន្តហោះ គឺជាមនុស្សតែម្នាក់គត់ ដែលលើឧទ្ធម្ភាគចក្រ ដែលធ្លាក់នោះ។

ឧទ្ធម្ភាគចក្រប្រភេទ Bell UH-1H បានកំពុងបំពេញបេសកកម្មនៅលើភ្នំ ដែលមានភ្លើងឆេះ នៅជិតទីក្រុង Coalinga នៃតំបន់ Fresno County នៅពេលវាធ្លាក់។ អត្តសញ្ញាណអ្នកបើកយន្តហោះ មិនទាន់ត្រូវបានគេបង្ហាញ ឱ្យដឹងនៅឡើយទេ។ មូលហេតុនៃការធ្លាក់នេះ កំពុងត្រូវបានស៊ើបអង្កេត។

នៅពេលមុននេះ ប្រជាជនកាលីហ្វ័រញ៉ារាប់ម៉ឺននាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួន ចេញពីផ្ទះសម្បែងនៅតំបន់ North Bay ដែលបណ្តាលមកពីភ្លើងឆេះព្រៃ កំពុងរីករាលដាលពាសពេញរដ្ឋ។

យោងតាមអភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បច្ចុប្បន្នមានអគ្គិភ័យ ច្រើនជាង ៣៦០កន្លែង កំពុងឆេះនៅរដ្ឋកាលីហ្វ័រញ៉ា។ រដ្ឋអាមេរិកកំពុងទទួលនូវកម្រិតកំដៅដ៏ខ្ពស់ ហើយបានឃើញរន្ទះបាញ់ជាង ១០.០០០ ដង ក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top