ព័ត៌មានអន្តរជាតិ

អាមេរិកបញ្ចប់កិច្ចព្រមព្រៀងទ្វេភាគី ចំនួន៣ ជាមួយហុងកុង ជុំវិញរឿងច្បាប់ថ្មី

បរទេស៖ នៅក្នុងដំណើរមួយ ដែលត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានភាពតានតឹង កើនកម្តៅកើនឡើងកាន់តែខ្លាំង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងនោះ រដ្ឋបាលលោក ត្រាំ នៅក្នុងសប្ដាហ៍នេះ បានបញ្ចប់ កិច្ចព្រមព្រៀងទ្វេភាគីចំនួន៣ ជាមួយទីក្រុងហុងកុង។

ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានប្រកាសប្រាប់ថា ខ្លួនបានជូនដំណឹង ដល់អាជ្ញាធរទីក្រុងហុងកុងរួចហើយ កាលពីថ្ងៃពុធ ស្តីពីការផ្អាក ឬក៏ការលុបចោល កិច្ចព្រមព្រៀងទ្វេភាគី ពាក់ព័ន្ធការធ្វើបត្យាប័ន និងការលើកលែងពន្ធ។

គួរបញ្ជាក់ថា ទង្វើរបស់សហរដ្ឋអាមេរិកនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខាបទបញ្ជាប្រតិបត្តិមួយ នៅពាក់កណ្ដាលខែកក្កដា ដែលនិយាយថា ទីក្រុងហុងកុង គ្មានភាពស្វយ័តគ្រប់គ្រាន់ពីចិនដីគោក ដើម្បីធានាដល់សិទ្ធិពិសេស ក្រោមច្បាប់អាមេរិក ក្រោយទីក្រុងប៉េកាំង ដាក់ច្បាប់សន្តិសុខថ្មី កាលពីថ្ងៃទី០១ ខែកក្កដា លើទីក្រុងអតីតអាណានិគម របស់អង់គ្លេសមួយនេះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top