ព័ត៌មានអន្តរជាតិ

ផ្ទុះឆេះ រោងចក្រថាមពលអគ្គិសនី០១កន្លែងនៅឥណ្ឌា រកឃើញសាកសពបុគ្គលិក៩នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ថា ក្រុមមន្ត្រីបាននិយាយថា កាលពីថ្ងៃសុក្រ ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពចំនួន៩នាក់ ដែលបានជាប់ខាងក្នុងរោងចក្រ ថាមពលអគ្គិសនី ដែលមានអគ្គិភ័យឆាបឆេះឡើង កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅរដ្ឋ Telangana ភាគខាងត្បូងប្រទេសឥណ្ឌា ។

អគ្គីភ័យបានកើតឡើងនៅយប់ថ្ងៃព្រហស្បតិ៍ ដែលបានកើតឡើង នៅច្រកក្រោមដីមួយ នៃឃ្លាំងបន្ទុកអគ្គិសនី នៅក្នុងរោងចក្រថាមពលអគ្គិសនី Srisailam នៅរដ្ឋ Telangana ដែលជាប់នឹងព្រំដែន ជាមួយរដ្ឋ Andhra Pradesh ។

យោងតាមក្រុមមន្ត្រីបានបញ្ជាក់ថា ក្រុមបុគ្គលិកចំនួន៣០នាក់ បម្រើការនៅក្រុមហ៊ុន សារជីវកម្មអគ្គិសនីនៅរដ្ឋ Telangana បានជាប់ ខាងក្នុងឃ្លាំងបន្ទុកអគ្គិសនីនោះ គ្រាដែលមានភ្លើងឆេះ ។ ក្នុងចំណោមពួកគេ មាន៦នាក់ត្រូវបានជួយសង្រ្គោះ និងបាននាំយកចេញ ពីខាងក្នុងច្រកក្រោមដីនោះហើយ ទន្ទឹមនឹងនេះដែរ ១៥នាក់ផ្សេងទៀត បានគ្រប់គ្រងស្ថានការណ៍បាន ដោយបានរត់ចេញទៅកាន់ ច្រកចេញសង្គ្រោះបន្ទាន់ ។

មន្ត្រីមួយរូបរបស់ក្រុមហ៊ុននេះ បាននិយាយថា “អ្នកដែលនៅជាប់ខាងក្នុងទាំង៩នាក់ បានស្លាប់ហើយ” ។ គាត់បានបន្ថែមថា “សាកសពរបស់ពួកគេ ត្រូវបានទាញចេញមកវិញ ពីខាងក្នុងរោងចក្រនោះ ហើយក្រុមកងារ បានបន្តព្យាយាមពន្លត់ភ្លើង ដែលបានឆាបឆេះនោះ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top