ព័ត៌មានអន្តរជាតិ

WTO សម្រេចប្រឆាំង នឹងពន្ធគយភាគច្រើន របស់អាមេរិក ប្រឆាំងនឹងប្រទេសចិន

ហ្សឺណែវ៖ ក្រុមអ្នកដោះស្រាយជម្លោះ របស់អង្គការពាណិជ្ជកម្មពិភពលោក WTO កាលពីថ្ងៃអង្គារបានសម្រេចប្រឆាំង នឹងពន្ធគយភាគច្រើន ដែលសហរដ្ឋអាមេរិក បានដាក់លើទំនិញចិន ចំពេលមានសង្គ្រាមពាណិជ្ជកម្មរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក។

ក្រុមប្រឹក្សាអង្គការពាណិជ្ជកម្មពិភពលោក បានឲ្យដឹងថាវិធានការរបស់សហរដ្ឋអាមេរិក រំលោភលើគោលការណ៍កណ្តាល នៃពាណិជ្ជកម្មអន្តរជាតិនិងលក្ខខណ្ឌផ្ទាល់ខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការចូលទៅកាន់អង្គការ ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ។

 ប្រទេសចិនបានស្វាគមន៍ចំពោះសេចក្តីសម្រេចនេះ ដោយអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានហៅវាថាជាការសម្រេចចិត្ត ប្រកបដោយគោលបំណង និងយុត្តិធម៌។

ដោយសង្កត់ធ្ងន់ថាប្រទេសចិន តែងតែគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងសេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក អ្នកនាំពាក្យបានលើកឡើងថាប្រទេសចិន សង្ឃឹមថាភាគីសហរដ្ឋអាមេរិក នឹងគោរពយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចរបស់ក្រុមអ្នកជំនាញអង្គការពាណិជ្ជកម្មពិភពលោក និងគោរពប្រព័ន្ធពហុភាគីផ្អែកលើច្បាប់។

 ផ្ទុយទៅវិញតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Robert Lighthizer បានរិះគន់សេចក្តីសន្និដ្ឋានរបស់ក្រុមប្រឹក្សានេះ ដោយឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា “អង្គការពាណិជ្ជកម្មពិភពលោក គឺមិនគ្រប់គ្រាន់ទាំងស្រុង ដើម្បីបញ្ឈប់ការអនុវត្តបច្ចេកវិទ្យា ដែលបង្កគ្រោះថ្នាក់របស់ចិននោះទេ”៕

ដោយ ឈូក បូរ៉ា

To Top