បរទេស៖ មន្រ្តីជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប បាននិយាយនៅក្នុងទីក្រុងតៃប៉ិថា កោះតៃវ៉ាន់ ត្រូវតែចាំបាច់បង្កើនកញ្ចប់ថវិការ ការពារជាតិរបស់ខ្លួន ដើម្បីទប់ទល់ នឹងការគម្រាមកំហែងយោធាណាមួយ ពីប្រទេសចិន នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០។
ទីភ្នាក់ងារសារព័ត៌មាន South China Morning Post បានរាយការណ៍ថា លោក David Henley អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក បាននិយាយប្រាប់សន្និសីទ ឧស្សាហកម្មការពារជាតិ អាមេរិក-តៃវ៉ាន់ថា សំណើបង្កើន១,៤ពាន់លានដុល្លារបស់តៃវ៉ាន់ ក្នុងកញ្ចប់ថវិកាការពារជាតិ គឺមិនគ្រប់គ្រាន់ទេ។
លោក David Henley បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប៉ុន្តែទន្ទឹមនឹងការបោះជំហាន ក្នុងទិសដៅដ៏ត្រឹមត្រូវនោះ ការបង្កើនទាំងនេះ គឺនៅមិនគ្រប់ល្មម ដើម្បីធានាថា តៃវ៉ាន់អាចប្រើប្រាស់ភូមិសាស្ត្រ បច្ចេកវិទ្យាទំនើប កម្លាំងពលកម្ម និងចំនួនប្រជាជនស្នេហាជាតិ ដើម្បីនាំទៅរកអត្ថប្រយោជន៍ចាំបាច់ សម្រាប់កិច្ចការពារជាតិ ប្រកបដោយភាពធន់នោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង