ភ្នំពេញ៖ ក្រោយលោក ចូ បៃដិន ផ្ដួល លោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកដែលគ្រោង នឹងស្បថចូលកាន់តំណែងនាថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ខាងមុខនោះ អ្នកវិភាគនិងតាមដានភូមិសាស្រ្តនយោបាយ បានលើកឡើងថា លោក ចូ បៃដិន នឹងបន្តអនុវត្តនយោបាយរបស់លោក អូប៉ាម៉ា អតីតប្រធានាធិបតីអាមេរិក គាបសង្កត់រុស្ស៊ី ដើម្បីបំពេញចិត្តពួកអឺរ៉ុបលើវិស័យយោធានិងធ្វើឲ្យ«យុទ្ធសាស្រ្តពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក»( TPP)រស់ឡើងវិញតាមរយៈការផ្តល់តួនាទីឲ្យប្រទេស ឥណ្ឌា អូស្ត្រាលី និង ជប៉ុន ដេីតួជំនួសអាមេរិកក្នុងជួរមុខប្រឆាំងចិន។
ជាមួយគ្នានោះ អ្នកតាមដានភូមិសាស្រ្តនយោបាយបានសង្កត់ធ្ងន់ថា ក្រោយលោក ចូ បៃដិន ចូលកាន់តំណែង នឹងអាចមានការប៉ះទង្គិចគ្នាដំបូង រវាងឥណ្ឌាជាមួយចិន នៅតាមព្រំដែនដែលជាការសាល្បង និងដេីម្បីពង្រឹងសម្ព័ន្ធភាពអាមេរិកទ្បេីងនៅតាមតំបន់តាមរយៈការលេីក កំពស់តួនាទីទ្វីបអាហ្រ្វីកទ្បេីងវិញ ។
អ្នកវិភាគបានលើកឡើងបន្ថែមថា លោក ចូ បៃដិននឹងបន្តអនុវត្តយុទ្ធសាស្រ្តពង្រីកឥទ្ធិពលអាមេរិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដូចអ្វីដែលលោក អូប៉ាម៉ាធ្លាប់បានធ្វើពោលគឺច្បាស់ជាលើកយកបញ្ហាសមុទ្រចិនខាងត្បូង ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដើម្បីរករឿងចិននិងសម្ព័ន្ធមិត្តមិនឲ្យបានសុខស្រួលនោះទេ។
ជាពិសេសវិទ្យាស្ថាន NDI (National Democratic Institution) ដែលជារបស់គណបក្សប្រជាធិបតេយ្យ និងធ្លាប់បានធ្វើការយ៉ាងសកម្មជាមួយអតីតគណបក្សប្រឆាំងនៅកម្ពុជាច្បាស់ជារស់ឡើងវិញ និងបន្តសកម្មភាពតាមរករឿងខ្មែរនៅតំបន់តារាសាគរ និងសមុទ្ររាម ដើម្បីបំផ្លាញសន្តិភាពនៅកម្ពុជា៕
ដោយ៖ សយ សុភាព