ព័ត៌មានអន្តរជាតិ

សភាអ៊ីរ៉ង់ស្វះស្វែងពង្រឹង គោលជំហរនុយក្លេអ៊ែ ក្រោយអ្នកវិទ្យាសាស្ត្រ ត្រូវគេធ្វើឃាត

បរទេស៖នៅពេលថ្មីៗនេះ រដ្ឋសភារបស់ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលតម្រូវឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ផ្អាកដំណើរត្រួតពិនិត្យទីតាំងនុយក្លេអ៊ែ លុះត្រាតែមានការលើកលែងទណ្ឌកម្ម និងឲ្យមិនអើពើចំពោះភាពអត់ធ្មត់ផ្សេងទៀត លើកម្មវិធីនុយក្លេអ៊ែ ដែលបានព្រមព្រៀងគ្នាជាមួយមហាអំណាចពិភពលោកនានា។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ក្រោយការអនុម័តសេចក្តីព្រាងច្បាប់ នៅក្នុងអង្គប្រជុំ ដែលផ្សាយបន្តផ្ទាល់លើវិទ្យុរដ្ឋនោះ សមាជិករដ្ឋសភាអ៊ីរ៉ង់បានស្រែកដដែលៗថា “ក្តីស្លាប់អាមេរិក! ក្តីស្លាប់អ៊ីស្រាអែល!”។

ប៉ុន្តែភ្លាមៗនោះផងដែរ រដ្ឋាភិបាលអ៊ីរ៉ង់បាននិយាយប្រាប់ថា ច្បាប់ដែលស្នើឡើង ដើម្បីជាការឆ្លើយតបចំពោះការធ្វើឃាតបិតាវិទ្យាសាស្ត្រនុយក្លេអ៊ែអ៊ីរ៉ង់កាលពីថ្ងៃសុក្រនោះ មិនអាចធ្វើឲ្យផ្លាស់ប្តូរនូវគោលនយោបាយនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់នោះទេ៕

To Top