ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង មានមីស៊ីលផ្លោងតិចបំផុត៨គ្រាប់

បរទេស៖ យោងតាមក្រុមអ្នកវិភាគអង់គ្លេស បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង អាចមានមីស៊ីល ផ្លោងឆ្លងទ្វីបតិចបំផុតចំនួន៨គ្រាប់ នៅក្នុងឃ្លាំងអាវុធ ប៉ុន្តែស្ថានភាពនៃអាវុធទាំងនោះខ្លះ គឺមិនច្បាស់លាស់នោះទេ។

វិទ្យុអាស៊ីសេរី បានរាយការណ៍ថា វិទ្យាស្ថានអន្តរជាតិសិក្សាយុទ្ធសាស្ត្រ បាននិយាយ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដែលមានចំណងជើងថា តុល្យភាពយោធាក្នុងឆ្នាំ២០២១ ថា រដ្ឋាភិបាលលោក គីម ជុងអ៊ុន អាចមានមីស៊ីលផ្លោងទ្វីប ដែលមានសមត្ថភាពអាចវាយប្រហារ ដល់សហរដ្ឋងាមេរិក យ៉ាងតិចចំនួន៨គ្រាប់។

ការប៉ាន់ស្មាន ពីវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រអន្តរជាតិនេះ គឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានខែបន្ទាប់ពីកូរ៉េខាងជើង បានបង្ហាញមីស៊ីលវាយប្រហារ ក្នុងចម្ងាយឆ្ងាយថ្មីមួយ ឈ្មោះ Hwasong-16 នៅក្នុងអំឡុងព្យុហយាត្រាក្នុងខែតុលា ដើម្បីប្រារព្ធរំឭកខួប៧៥ នៃការស្ថាបនាបក្សពលករកូរ៉េ។

យោងតាមវិទ្យាស្ថាន សិក្សាយុទ្ធសាស្ត្រអន្តរជាតិនោះ ស្ថានភាពរបស់មីស៊ីល Hwasong-16 ដែលរចនាផលិតឡើង សម្រាប់បំពាក់ក្បាលគ្រាប់ច្រើនគ្រាប់ គឺនៅមិនទាន់ច្បាស់នោះទេ ហើយក្រុមអ្នកវិភាគនោះ ក៏បាននិយាយផងដែរថា កូរ៉េខាងជើងមានរថក្រោះ ជាង៣.៥០០គ្រឿង ប្រព័ន្ធបាញ់ពហុរ៉ុកកែតជាង៥០០ នាវាមុជទឹក៧១គ្រឿង និងយន្តហោះចម្បាំង៥៤៥គ្រឿង៕ ប្រែសម្រួល៖ប៉ាង កុង

To Top
×