ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ប្រកាសផ្តាច់​ ទំនាក់ទំនងការទូត ជាមួយម៉ាឡេស៊ី ជុំវិញការធ្វើបត្យាប័ន ពលរដ្ឋរបស់ខ្លួន ទៅអាមេរិក

សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មាន កណ្តាលផ្លូវការរបស់កូរ៉េ បានរាយការណ៍នៅថ្ងៃសុក្រនេះថា សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ បានប្រកាសផ្តាច់ទំនាក់ទំនង ការទូតជាមួយប្រទេសម៉ាឡេស៊ី បន្ទាប់ពីតុលាការកំពូល របស់ប្រទេស ម៉ាឡេស៊ី បានសម្រេចគាំទ្រ ការធ្វើបត្យាប័នជនជាតិ កូរ៉េខាងជើងម្នាក់ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈម នឹងការចោទប្រកាន់ពីបទលាងលុយកខ្វក់ ។

អ្នកជំនួញកូរ៉េខាងជើង ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានចោទប្រកាន់ពីបទផ្គត់ផ្គង់ ទំនិញប្រណីត ដែលហាមឃាត់ ពីប្រទេសសិង្ហបុរី ដល់ទីក្រុងព្យុងយ៉ាង ក្នុងការរំលោភលើទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ។ តុលាការកំពូល របស់ប្រទេសម៉ាឡេស៊ី បានសម្រេចថា លោកអាចត្រូវបានធ្វើបត្យាប័ន ទៅសហរដ្ឋអាមេរិក ។

របាយការណ៍នេះ បានឲ្យដឹងថា“ ទាក់ទងទៅនឹងស្ថានការណ៍ដ៏ធ្ងន់ធ្ងរ ដែលបានកើតឡើងក្រសួង ការបរទេសកូរ៉េខាងជើង សូមប្រកាសផ្តាច់ទំនាក់ទំនង ការទូត សរុបជាមួយប្រទេសម៉ាឡេស៊ី ដែលបានប្រព្រឹត្តនូវអរិភាព ដ៏ធំប្រឆាំងនឹងកូរ៉េខាងជើង ក្នុងការឆ្លើយតប នឹងសម្ពាធរបស់សហរដ្ឋអាមេរិក”។

របាយការណ៍បានបន្ថែមថា អ្នកជំនួញរូបនេះបានចូលរួមក្នុង“ សកម្មភាពពាណិជ្ជកម្មខាងក្រៅ ស្របច្បាប់ ហើយបានព្រមានថា អាជ្ញាធរម៉ាឡេស៊ី នឹងទទួលខុសត្រូវទាំងស្រុង ចំពោះរាល់ផលវិបាក ដែលកើតឡើងរវាងប្រទេសទាំងពីរ”៕

To Top