ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង និយាយថា ខ្លាចអ៊ុយក្រែនអាចបង្កឲ្យ មានជម្លោះជាថ្មី

បរទេស៖ វិមានក្រឹមឡាំងនៅថ្ងៃពុធ បាននិយាយថា ខ្លួនមានក្តីព្រួយបារម្ភ ចំពោះភាពតានតឹងកើនឡើង នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត និងថា ខ្លួនភ័យខ្លាចថា កងកម្លាំងរដ្ឋាភិបាលរបស់ទីក្រុងកៀវ អាចនឹងធ្វើរឿងខ្លះបង្កឲ្យមានភ្លើងជម្លោះជាថ្មី ជាមួយពួកបះបោរគាំទ្ររុស្ស៊ី។

ការថ្លែងបែបនេះ គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃបន្ទាប់ពី អគ្គមេបញ្ជាការនៃប្រទេសអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី ពីបទកសាងកម្លាំងយោធា នៅជិតតំបន់ព្រំដែន និងបាននិយាយថា ពួកបះបោរគាំទ្រទីក្រុងមូស្គូ កំពុងបំពានជាប្រព័ន្ធ លើបទឈប់បាញ់គ្នាមួយ នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត។

មន្ត្រីនំាពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍ដូច្នេះថា “យើងបង្ហាញនូវក្តីព្រួយបារម្ភ ជុំវិញការកើនភាពតានតឹង និងបង្ហាញនូវក្តីព្រួយបារម្ភថា តាមវិធីមួយឬក៏វិធីផ្សេងទៀត ភាគីអ៊ុយក្រែន អាចនឹងធ្វើសកម្មភាពបង្កហេតុ ដែលនឹងនាំឲ្យមានសង្គ្រាម។ យើងពិតជាមិនចង់ឃើញរឿងនោះទេ”។

គួរបញ្ជាក់ថា ទីក្រុងកៀវនិងទីក្រុងមូស្គូ បានរិះគន់ដាក់គ្នា ចំពោះការផ្ទុះហិង្សានៅក្នុងតំបន់នាពេលថ្មីៗនេះ។ អ៊ុយក្រែននិយាយថា មនុស្សប្រមាណ ១៤.០០០នាក់ ត្រូវបានសម្លាប់ក្នុងជម្លោះ ចាប់តាំងពីចាប់ផ្តើមផ្ទុះឡើងដំបូង នៅក្នុងឆ្នាំ២០១៤ ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top