វ៉ាស៊ីនតោន ៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោកចូ បៃដិន រំពឹងថាការប៉ះទង្គិចគ្នា ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងត្រូវបានបញ្ចប់ឆាប់ ជាងនេះ ខណៈពេលដែលកំពុងជំរុញឱ្យមានភាពស្ងប់ស្ងាត់ ប្រកបដោយនិរន្តរភាព ។
លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា“ ការរំពឹងទុក និងក្តីសង្ឃឹម របស់ខ្ញុំគឺថារឿងនេះនឹងត្រូវបិទ ក្នុងពេលឆាប់ៗខាងមុខនេះ តែអ៊ីស្រាអែល មានសិទ្ធិការពារខ្លួន នៅពេលគ្រាប់រ៉ុក្កែត រាប់ពាន់គ្រាប់ហោះចូល ទឹកដីរបស់ខ្លួន” ។
សេតវិមានបានឲ្យដឹងតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃពុធដែលក្នុងនោះលោក បានថ្កោលទោសការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតប្រឆាំង នឹងក្រុងយេរ៉ូសាឡឹម និងតេអាវីល។
លោកបានលើកឡើងថា “លោកបានបង្ហាញការ គាំទ្រដោយមិនផ្លាស់ប្តូរ របស់លោក ចំពោះសន្តិសុខ របស់អ៊ីស្រាអែល និងសម្រាប់សិទ្ធិស្របច្បាប់ របស់អ៊ីស្រាអែល ក្នុងការការពារខ្លួន និងប្រជាជនរបស់ខ្លួន ខណៈការពារជនស៊ីវិល” ។
លោកបានបង្ហាញការជឿជាក់ របស់លោកថា ក្រុងយេរ៉ូសាឡឹម ជាទីក្រុងមួយ ដែលមានសារៈសំខាន់បែបនេះ សម្រាប់ប្រជាជនដែលមានជំនឿ មកពីជុំវិញពិភពលោកត្រូវ តែជាកន្លែងសន្តិភាព ៕
ដោយ ឈូក បូរ៉ា