វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ថា កាលពីថ្ងៃសុក្រ លោក ចូ បៃដិន ប្រធានាធិបតី សហរដ្ឋអាមេរិក បានទទួលស្គាល់ថា មិនមានមធ្យោបាយងាយស្រួល ក្នុងការធ្វើឲ្យ កូរ៉េខាងជើង បោះបង់អាវុធនុយក្លេអ៊ែរ របស់ខ្លួននោះទេ ប៉ុន្តែបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសម្ព័ន្ធមិត្តអាមេរិក ជាមួយនឹងកូរ៉េខាងត្បូង បន្ទាប់ពីកិច្ចពិភាក្សា ជាមួយប្រធានាធិបតី ម៉ូន ជេអ៊ីន ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ជាមួយសមភាគីកូរ៉េខាងត្បូង របស់លោកនៅឯសេតវិមានលោក បៃដិន បានប្រាប់អ្នកយកព័ត៌មានថា “យើងមិនស្ថិតនៅក្រោមការបំភ័ន ថាតើ វាលំបាកប៉ុណ្ណានោះទេ” ។
មេដឹកនាំអាមេរិករូបនេះ ក៏បានប្រកាសថា លោកបានតែងតាំងអ្នកការទូតជើងចាស់ លោក Sung Kim ដែលជាអតីតឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំ នៅទីក្រុងសេអ៊ូល ក្នុងនាមជាប្រេសិតពិសេសរបស់លោក សម្រាប់ប្រទេសកូរ៉េខាងជើង ។
ប្រឈមមុខនឹងប្រទេសកូរ៉េខាងជើង ដែលបំពាក់ដោយអាវុធនុយក្លេអ៊ែរ និងប្រទេសចិន ដែលអះអាងកាន់តែខ្លាំងឡើងលោក បៃដិន បានសង្កត់ធ្ងន់លើជំនឿ របស់គាត់ចំពោះសម្ព័ន្ធមិត្ត ប្រពៃណីរបស់សហរដ្ឋអាមេរិក ។
លោក បៃដិន បានហៅភាព ជាដៃគូអាមេរិក-កូរ៉េខាងត្បូង ថា ជា “ខ្សែការពារសន្តិភាពសន្តិសុខ” ហើយបានសន្យាថា“ “វិធីសាស្រ្តរួមគ្នា” ទប់ទល់នឹងកូរ៉េខាងជើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា