ព័ត៌មានអន្តរជាតិ

ថៃ នឹងចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ Pfizer ដល់សិស្សអាយុពី១២-១៧ឆ្នាំ ប្រសិនបើឪពុកម្តាយក្មេង ព្រមទទួលយកហានិភ័យ

បរទេស៖ រដ្ឋាភិបាលថៃ នឹងចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer សម្រាប់សិស្សសាលា ដែលមានអាយុ ១២-១៧ឆ្នាំ នៅទូទាំងប្រទេស ប៉ុន្តែឪពុកម្តាយ របស់ពួកគេ ត្រូវទទួលយកហានិភ័យជាមុន។ នេះបើយោងតាម មជ្ឈមណ្ឌលគ្រប់គ្រង ស្ថានភាព Covid (CCSA) ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា មានរបាយការណ៍ដែលបានភ្ជាប់វ៉ាក់សាំង mRNA ដូចជាវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna ធ្វើឱ្យរលាកសាច់ដុំបេះដូង ជាពិសេសចំពោះក្មេងជំទង់និងមនុស្សវ័យជំទង់។ ទោះយ៉ាងណាក៏ដោយ ស្ថានភាពដែលត្រូវបានគេស្គាល់ថា ជាជំងឺរលាកសាច់ដុំបេះដូងគឺកម្រមានណាស់ ដែលត្រូវបានគេឃើញមានតិចជាងមួយក្នុងចំណោមមួយលានករណីនៅទូទាំងពិភពលោក។

អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin បាននិយាយកាលពីថ្ងៃសុក្រថា «ឪពុកម្តាយនឹងត្រូវបានជូនដំណឹងអំពីហានិភ័យហើយពួកគេត្រូវតែផ្តល់ការយល់ព្រមមុនពេលចាក់វ៉ាក់សាំង។ វានឹងឈរលើមូលដ្ឋានស្ម័គ្រចិត្ត ហើយនឹងមិនតម្រូវដោយច្បាប់នោះទេ»៕

ប្រែសម្រួលៈ ណៃ តុលា

To Top