យូអិន៖ អង្គការសហប្រជាជាតិ កំពុងរៀបចំសន្និសីទជំនួយមួយ នៅទីក្រុងហ្សឺណែវ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីរៃអង្គាសប្រាក់បានជាង ៦០០ លានដុល្លារ សម្រាប់អាហ្វហ្គានីស្ថាន ដោយព្រមានពីវិបត្តិមនុស្សធម៌នៅទីនោះ បន្ទាប់ពីក្រុមតាលីបង់ ចូលកាន់កាប់អំណាច។
សូម្បីតែមុនពេលក្រុមតាលីបង់ ដណ្តើមបានទីក្រុងកាប៊ុល កាលពីខែមុន ចំនួនប្រជាជនពាក់កណ្តាល ឬ ១៨ លាននាក់ បានពឹងផ្អែកលើជំនួយ។ មន្រ្តីអង្គការសហប្រជាជាតិ និងក្រុមជំនួយ បានព្រមានថា តួលេខនេះមើលទៅនឹងកើនឡើង ដោយសារតែគ្រោះរាំងស្ងួត និងកង្វះសាច់ប្រាក់ និងស្បៀងអាហារ នៅក្នុងប្រទេសមួយនេះ ។
ការបញ្ចប់ភ្លាមៗនូវ ជំនួយបរទេសរាប់ពាន់លានដុល្លារ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាល ដែលគាំទ្រដោយប្រទេសលោកខាងលិច នៅអាហ្វហ្គានីស្ថាន និងជ័យជម្នះជាបន្តបន្ទាប់ របស់ក្រុមតាលីបង់ បានដាក់សម្ពាធកាន់តែខ្លាំង លើកម្មវិធីរបស់អង្គការសហប្រជាជាតិ ។
អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានលើកឡើងថា អង្គការរបស់លោក កំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ “បច្ចុប្បន្នអង្គការសហប្រជាជាតិ មិនទាន់អាចបើកប្រាក់ខែ ដល់កម្មករខ្លួនឯងបាននោះទេ” ។
សន្និសីទទីក្រុងហ្សឺណែវ ដែលនឹងចាប់ផ្តើមនៅរសៀលថ្ងៃច័ន្ទនេះ នឹងត្រូវចូលរួមដោយមន្រ្តីកំពូលរបស់អង្គការសហប្រជាជាតិ រួមមានលោក Antonio Guterres ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិលោក Peter Maurer ព្រមទាំងតំណាងរដ្ឋាភិបាលរាប់សិបនាក់ រួមទាំងរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Heiko Maas ផងដែរ។
ប្រហែលមួយភាគបីនៃទឹកប្រាក់ចំនួន ៦០៦ លានដុល្លារ ដែលត្រូវបានស្វែងរក នឹងត្រូវបានប្រើប្រាស់ ដោយកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិដែលបានរកឃើញថា ៩៣ ភាគរយ នៃជនជាតិអាហ្វហ្គានីស្ថានចំនួន ១,៦០០នាក់ ដែលខ្លួនបានស្ទង់មតិនៅខែសីហា និងកញ្ញា មិនបានទទួលអាហារគ្រប់គ្រាន់នោះទេ ភាគច្រើនដោយសារតែពួកគេ មិនអាចទទួលបានសាច់ប្រាក់ ៕
ដោយ ឈូក បូរ៉ា