ព័ត៌មានអន្តរជាតិ

ជប៉ុន បង្ហាញក្តីព្រួយបារម្ភ ក្រោយប្រទះឃើញ នាវាមុជទឹក និងនាវាពិឃាតចិន នៅជិតដែនទឹកខ្លួន

បរទេស៖ ជប៉ុន នាពេលថ្មីៗនេះ បានរាយការណ៍ពីវត្តមាន របស់នាវាមុជទឹកចិន នៅជិតខាងក្រៅដែនទឹកជប៉ុន កាលពីព្រឹកថ្ងៃសុក្រ ដែលនេះជាការបន្ថែម ភាពតានតឹង រវាងប្រទេសទំាងពីរ ជុំវិញការប្រជែង អះអាងកម្មសិទ្ធិ នៅដែនសមុទ្រចិនខាងកើត។

ក្រសួងការពារជាតិជប៉ុន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអាទិត្យថា នាវាមុជទឹកចិន ត្រូវបានគេប្រទះឃើញនៅជិតប្រជុំកោះ Amami Oshima ស្ថិតនៅភាគខាងត្បូង ហើយនាវាមុជទឹកនោះ ធ្វើដំណើរក្នុងទិសដៅ ទៅទិសពាយព្យ ព្រមជាមួយនាវាពិឃាត សមត្ថភាព មីស៊ីលចិន មួយគ្រឿង អមដំណើរក្បែរផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍ថា កងកម្លាំងការពារដែនសមុទ្រជប៉ុន បានបញ្ជូនយន្តហោះចារកម្ម៣គ្រឿង និងនាវាពិឃាត២គ្រឿង ទៅព្រមានឲ្យនាវាចិនទាំងនោះចាកចេញ និងប្រមូលពត៌មាននានា។

គួរបញ្ជាក់ងថា កាលពីខែមីនា នាវាចិន២គ្រឿង ត្រូវបានគេចោទថា បានធ្វើដំណើរចូលក្នុងដែនទឹករបស់ប្រទេសជប៉ុន នៅក្បែរក្រុមកោះសែនកាគូ ក្នុងសមុទ្រចិនខាងកើត បណ្ដាលឲ្យ ទីក្រុងតូក្យូ បង្កើតគោលជំហរការពារ ក្នុងតំបន់ភាគនិរតី នៃប្រទេស និងក្រុមកោះនៅខាងជើង ក្រុមកោះសែនកាគូ។ ប្រទេសចិន បានអះអាងអធិបតេយ្យភាព លើកោះដែលជប៉ុនគ្រប់គ្រង ចាប់តាំងពីទសវត្សឆ្នាំ១៩៧០មក៕

ប្រែសម្រួល៖ប៉ាង កុង

To Top