ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថ្មី ជប៉ុន រំលាយសភាជាន់ទាប សម្រាប់ការបោះឆ្នោត ដ៏ខ្លីខាងមុខនេះ

តូក្យូ៖ នាយករដ្ឋមន្រ្តីថ្មី របស់ជប៉ុនលោក ហ្វីមីអូ គីស៊ីដា គ្រោងនឹងរំលាយសភា នៅរសៀលថ្ងៃព្រហស្បតិ៍នេះ សម្រាប់ការបោះឆ្នោតសកលនៅចុងខែនេះ នៅពេលដែលលោក ស្វែងរកអាណត្តិសាធារណៈ សម្រាប់រដ្ឋាភិបាលថ្មី ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន។

ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា បន្ទាប់ពីអាណត្តិ ៤ ឆ្នាំនៃសមាជិកសភាជាន់ទាប ផុតកំណត់នៅថ្ងៃទី២១ ខែតុលា ដោយគណបក្សប្រជាធិបតេយ្យ សេរីនិយម ដឹកនាំដោយលោក គីស៊ីដា សង្ឃឹមថានឹងទទួលបាន ផលចំណេញ ពីការធ្លាក់ចុះថ្មីៗនៃករណីឆ្លងជំងឺកូវីដ-១៩ ខណៈមេដឹកនាំគណបក្សប្រឆាំងកំពុង នៅតែរអាក់រអួល ដើម្បីបង្កើតរណសិរ្សរួបរួម។

នេះជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រ ក្រោយសង្គ្រាមរបស់ជប៉ុន ដែលការបោះឆ្នោតសកល នឹងត្រូវធ្វើឡើងបន្ទាប់ ពីអាណត្តិបានផុតកំណត់ ហើយរយៈពេលរវាងការរំលាយសភាជាន់ទាប និងថ្ងៃបោះឆ្នោតនឹងខ្លីបំផុត។

លោក គីស៊ីដា បានឈ្នះការបោះឆ្នោតប្រធានាធិបតីរបស់គណបក្សកាន់អំណាចនៅថ្ងៃទី ២៩ ខែកញ្ញា ហើយត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីនៅថ្ងៃទី០៤ ខែតុលានៅក្នុងសភា ដែលគ្រប់គ្រងដោយសម្ព័ន្ធដឹកនាំដោយ LDP។

ការបោះឆ្នោតសកលនឹងក្លាយជាឱកាសមួយ សម្រាប់លោក គីស៊ីដា ដើម្បីទទួលបានការគាំទ្រពីសាធារណៈជនកាន់តែទូលំទូលាយ ចំពោះគោលនយោបាយរបស់លោក ដែលផ្តោតលើការធ្វើឱ្យសេដ្ឋកិច្ចធំទី ៣ របស់ពិភពលោកមួយនេះ ដែលត្រូវបានបំផ្លាញដោយជំងឺរាតត្បាត និងបង្កើនការឆ្លើយតបនឹងមេរោគឆ្លងរបស់ខ្លួន។

លោក គីស៊ីដា គាំទ្រអ្វីដែលគាត់ហៅថា“ មូលធននិយមថ្មី” បានសន្យាថា នឹងដាក់ចេញនូវកញ្ចប់សេដ្ឋកិច្ច ដែលមានតំលៃ“ រាប់សិបលានលានយ៉េន” និងចែកចាយឡើងវិញនូវផលផ្លែផ្កានៃការលូតលាស់ក្នុងគោលបំណងកសាងជនវណ្ណៈកណ្តាលឱ្យកាន់តែរឹងមាំ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះថាប្រទេសជប៉ុន ត្រូវការជាដំបូង ដើម្បីសម្រេចបាននូវការពង្រីកសេដ្ឋកិច្ច។

លោក គីស៊ីដា បានលើកឡើងថា លោកក៏ប្តេជ្ញា ពង្រឹងការឆ្លើយតប របស់រដ្ឋាភិបាល ចំពោះជំងឺកូវីដ- ១៩ ខណៈកំពុងរៀបចំផែនការពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រសន្តិសុខ និងលើកកម្ពស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ ចំពោះមុខការគំរាមកំហែង របស់ចិន និងមីស៊ីលពីកូរ៉េខាងជើង៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top