ព័ត៌មានអន្តរជាតិ

រុស្ស៊ីហៅអាមេរិក ឲ្យចូលរួមពិភាក្សា ស្ដីពីអាហ្វហ្គានីស្ថាន

ម៉ូស្កូ៖ តំណាងប្រធានាធិបតីរុស្ស៊ី ពិសេសប្រចាំប្រទេសអាហ្វហ្គានីស្ថាន លោក ហ្សាមៀកា ប៊ូឡូវ បានលើកឡើងថា ប្រទេសរុស្ស៊ី បានអញ្ជើញសហរដ្ឋអាមេរិក ឱ្យចូលរួមក្នុងកិច្ចចរចា នាពេលខាងមុខ ស្តីពីអាហ្វហ្គានីស្ថាន នៅទីក្រុងម៉ូស្គូ។

ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថាទីក្រុងមូស្គូ ក៏កំពុងពិចារណាលើសំណើរបស់អ៊ីរ៉ង់ស្តីពីការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៅរដ្ឋធានីតេអេរ៉ង់របស់ប្រទេសជិតខាងអាហ្វហ្គានីស្ថានផងដែរ។

ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ការស្ថាបនាឡើងវិញក្រោយជម្លោះ និងជំនួយមនុស្សធម៌ នឹងមានកម្រិតខ្ពស់នៅក្នុងរបៀបវារៈនៃកិច្ចពិភាក្សាពហុភាគី ដែលបានរៀបចំឡើងនៅទីក្រុងម៉ូស្គូ នៅសប្តាហ៍ក្រោយ។

ប្រទេសរុស្ស៊ី បានអញ្ជើញអ្នកតំណាងតាលីបង់ទៅកិច្ចប្រជុំ ដែលគ្រោងធ្វើនៅថ្ងៃទី ២០ ខែតុលា។ ការពិគ្រោះយោបល់តាមទម្រង់ម៉ូស្គូ ស្តីពីអាហ្វហ្កានីស្ថាន ត្រូវបានចាប់ផ្តើមនៅឆ្នាំ ២០១៧ ដោយផ្អែកលើយន្តការ ៦ ភាគី សម្រាប់ការពិគ្រោះយោបល់ក្នុងចំណោមតំណាងមកពីប្រទេសរុស្ស៊ីអាហ្វហ្គានីស្ថាន ចិន ប៉ាគីស្ថាន អ៊ីរ៉ង់ និងឥណ្ឌា ។

គួរបញ្ជាក់ថា ការពិគ្រោះយោបល់ជុំទី ១ បានធ្វើឡើងនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៧ និងមានការចូលរួមពីអនុរដ្ឋមន្រ្តីការបរទេសនិងតំណាងនៃប្រទេសចំនួន ១១ គឺរុស្ស៊ីអាហ្វហ្គានីស្ថាន ចិន ប៉ាគីស្ថាន អ៊ីរ៉ង់ ឥណ្ឌា កាហ្សាក់ស្ថាន តាជីគីស្ថាន អ៊ូសបេគីស្ថាន និងតួកមេនីស្ថាន៕

ដោយ ឈូក បូរ៉ា

To Top
×