ព័ត៌មានអន្តរជាតិ

សិង្ហបុរី-ចិន បញ្ជាក់ពីទំនាក់ទំនងរឹងមាំ ពិភាក្សាពីវិធីពង្រឹង ការស្ដារសេដ្ឋកិច្ចឡើងវិញ

សិង្ហបុរី៖ នាយករដ្ឋមន្រ្តីលោក លី សៀនឡុង និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបញ្ជាក់ជាថ្មី ពីទំនាក់ទំនង រឹងមាំរវាងសិង្ហបុរី និងចិន តាមទូរស័ព្ទ កាលពីថ្ងៃសុក្រទី១៥ ខែតុលា ខណៈមេដឹកនាំទាំងពីរបានពិភាក្សាអំពីវិធី ដើម្បីពង្រឹង ការស្តារសេដ្ឋកិច្ចឡើងវិញ នេះបើយោងតាមក្រសួងការបរទេស (MFA) ។

លោកលី និងលោក ស៊ី ក៏បានបញ្ជាក់ជាថ្មីពី“ ផលប្រយោជន៍ទៅវិញទៅមក ពីការបន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទ្វេភាគី ទោះបីជាកាលៈទេសៈប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ-១៩” ។

MFA នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា“ មេដឹកនាំទាំងពីរក៏បានកត់សម្គាល់ពីការបន្តវឌ្ឍនភាពល្អនៅក្នុងគម្រោងរដ្ឋាភិបាលរវាងរាជរដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ” ។

មេដឹកនាំទាំងពីរ បានពិភាក្សាអំពីវិធី ដើម្បីពង្រឹងការស្តារសេដ្ឋកិច្ចឡើង វិញតាមរយៈការបង្កើនកិច្ចសហការលើការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការផ្គត់ផ្គង់ឆ្លងដែន ក៏ដូចជានៅក្នុងពាណិជ្ជកម្មការវិនិយោគទីក្រុងឆ្លាតវៃ និងការប្រែប្រួលអាកាសធាតុ។

មេដឹកនាំទាំងពីរក៏បានស្វាគមន៍កិច្ចសហប្រតិបត្តិការកាន់តែធំធេងលើវិស័យ ដែលកំពុងរីកចម្រើនដូចជាសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថលផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។

ប្រភពព័ត៌មានពីក្រសួងការបរទេសសិង្ហបុរីបានឲ្យដឹងទៀតថា ទាំងលោក លី និងលោក ស៊ី បានទន្ទឹងរង់ចាំកិច្ចប្រជុំក្រុមប្រឹក្សារួម សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី ១៧ នៅចុងឆ្នាំនេះ។

មេដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈ ស្តីពីការអភិវឌ្ឍន៍ក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងបានបញ្ជាក់ឡើងវិញនូវទំនាក់ទំនងរឹងមាំរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រទេសចិននៅខួបលើកទី ៣០ នៃទំនាក់ទំនងកិច្ចសន្ទនា៕

ដោយ ឈូក បូរ៉ា

To Top