ព័ត៌មានអន្តរជាតិ

ពួកតាលីបង់ ប្តេជ្ញាបង្កើនសន្តិសុខ ក្រោយមានការបំផ្ទុះគ្រាប់បែក នៅវិមានឥស្លាម

បរទេស៖ អាជ្ញាធរតាលីបង់ បានប្តេជ្ញាបង្កើនសន្តិសុខ នៅបណ្ដាព្រះវិហារឥស្លាម ស៊ីអ៊ីត ស្របពេលដែលមនុស្ស រាប់រយនាក់ ប្រមូលផ្តុំជួបជុំគ្នានៅថ្ងៃសៅរ៍នេះ ដើម្បីបញ្ចុះសពជនរងគ្រោះ ពីការវាយប្រហារ គ្រាប់បែកអត្តឃាត របស់ក្រុមរដ្ឋឥស្លាម ជ្រុលនិយម ទៅលើអ្នកថ្វាយបង្គំព្រះ ថ្ងៃសុក្រ។

ក្រុមរដ្ឋឥស្លាមជ្រុលនិយម កាន់និយាយស៊ុននី បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ លើព្រះវិហារឥស្លាម Fatima ក្នុងខេត្ត Kandahar ដែលឃើញ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត មួយក្រុម សម្រុកចូលទៅក្នុងវិហារនោះ នៅមុនពេលបំផ្ទុះខ្លួនឯង ក្នុងចំណោម អ្នកថ្វាយបង្គំព្រះ ក្នុងអំឡុងពេលសូត្រធម៌ ថ្ងៃសុក្រ។

ស្នងការប៉ូលីសខេត្ត Kandahar បាននិយាយថា អង្គភាពប៉ូលីសនឹងរៀបចំ ឲ្យធ្វើកិច្ចការពារ ព្រះវិហារឥស្លាមស៊ីអ៊ីតនានា ដែលបច្ចុប្បន្នកំពុង ត្រូវបានការពារ ដោយកងកម្លាំងស្ម័គ្រចិត្ត ក្នុងតំបន់ ជាមួយការអនុញ្ញាតពិសេសឲ្យកាន់អាវុធ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ បង្ហោះលើបណ្ដាញ សង្គមធ្វីតធ័រ មន្ត្រីនាំពាក្យពួកតាលីបង់មួយរូប បាននិយាយដូច្នេះថា “ជាអកុសល ពួកគេមិនអាចការពារតំបន់នេះបាន ហើយនាពេលអនាគត យើងនឹងចាត់ចែង កងកម្លាំងការពារសន្តិសុខពិសេស ឲ្យទៅការពារព្រះវិហារ និងវិទ្យាស្ថានអប់រំ Madrasas នានា”៕

ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×