បរទេស៖ ក្រសួងកសិកម្ម និងសហប្រតិបត្តិការ របស់ប្រទេសថៃ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ផ្ទៃដីកសិកម្មជាង ៥,៣៣ លានរ៉ៃ នៅតំបន់មួយចំនួន នៃប្រទេសថៃ បានរងផលប៉ះពាល់ ដោយទឹកជំនន់ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី ១៥ ខែតុលា។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់កាត់បន្ថយ គ្រោះមហន្តរាយ កសិកម្មរបស់ក្រសួងបាននិយាយថា «ផ្ទៃដីដាំដុះចំនួន ៥,៣៣ លានរ៉ៃ នៅខេត្តចំនួន ៤៨ ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ ខណៈដែលចំនួនកសិករ ដែលរងផលប៉ះពាល់ សរុបមានចំនួន ៤៦៣.៦១៥ នាក់” ។ ក្នុងនោះផ្ទៃដី ៣,៦១ លានរ៉ៃ ជាស្រូវស្រែ, ផ្ទៃដី ១.៦៧ លានរ៉ៃជាវាលដាំដំណាំ និង ៣៩ ៥០០ រ៉ៃ ជាចម្ការផ្លែឈើ និងកន្លែងផ្សេងទៀត។
យ៉ាងណាក៏ដោយ ជាមួយនឹងការប៉ះពាល់នេះ ក្រសួងនឹងផ្តល់ជំនួយហិរញ្ញវត្ថុ ដំបូងចំនួន ៦ ៧០០ បាត ក្នុងមួយគ្រួសារ ដែលរងផលប៉ះពាល់។
អាជីវកម្មនេសាទនៅក្នុងខេត្តចំនួន ៣៨ ក៏ត្រូវបានរងផលប៉ះពាល់ ដោយទឹកជំនន់ផងដែរ ជាមួយនឹងផ្ទៃដីខូចខាតសរុបជាង ៥៧ ០០០ រ៉ៃ ដែលប៉ះពាល់ដល់កសិករប្រហែល ៤០ ៩០០ នាក់។ ក្រសួងនឹងផ្តល់ជំនួយ ហិរញ្ញវត្ថុ ដំបូងចំនួន ២២ ២៧២ បាត ក្នុងគ្រួសារ ដែលរងផលប៉ះពាល់ នៅក្នុងក្រុមនេះ៕
ប្រែសម្រួលៈ ណៃ តុលា