លោក ទេព អស្នារិទ្ធ៖ យុវជនត្រូវជ្រើសរើសផ្លូវ ក្លាយជា “ភ្នាក់ងារសុវត្ថិភាពព័ត៌មាន” ដើម្បីចៀសឆ្ងាយ ពីព័ត៌មានក្លែងក្លាយ
តាកែវ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានដាក់សំណួរពិចារណា ដល់យុវសិស្សថា ក្នុងនាមជាយុវជន តើប្អូនៗនឹងជ្រើសរើសផ្លូវមួយដែលប្រឈមនឹងគ្រោះថ្នាក់ នៃព័ត៌មានក្លែងក្លាយ ឬជ្រើសរើសផ្លូវមួយទៀត ដែលក្លាយជា “ភ្នាក់ងារសុវត្ថិភាពព័ត៌មាន”?
សំណួរដែលមានលក្ខណៈ ឱ្យមានការពិចារណានេះ មានគោលបំណងលើកទឹកចិត្ត ដល់យុវជន ជាពិសេសសិស្សានុសិស្ស ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការការពារសន្តិសុខព័ត៌មានជាតិ។ ការងារនេះស្របទៅនឹង បេសកកម្មរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ការចោទសួរនេះ ធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ “យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ” ជំហានទី២ ដែលបានរៀបចំឡើង នៅវិទ្យាល័យ សុខ អាន ថ្នល់បំបែក ស្ថិតក្នុងទ្រាំង ខេត្តតាកែវ ដោយមានសិស្សានុសិស្សចូលរួមប្រមាណជាង១ ១០០នាក់។
ឆ្លើយតបនឹងសំណួរភ្លាម សិស្សានុសិស្សដែលបានចូលរួមក្នុងយុទ្ធនាការនេះ បានឆ្លើយយ៉ាងស្រុះ ព្រមៗគ្នាថា ៖ ក្នុងនាមជាយុវជន យើងត្រូវជ្រើសរើសផ្លូវដែលក្លាយជា “ភ្នាក់ងារសុវត្ថិភាពព័ត៌មាន” ក្នុងសង្គម។
លោក ទេព អស្នារិទ្ធ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការប្តេជ្ញាចិត្ត របស់យុវសិស្ស ដែលបានជ្រើសរើសធ្វើជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន សម្រាប់សហគមន៍ និងសង្គមកម្ពុជា។
លោក បានជំរុញឱ្យយុវវ័យយើងប្រែក្លាយ ការប្តេជ្ញានេះទៅជាសកម្មភាពជាក់ស្តែង សម្រាប់ការអនុវត្តប្រចាំថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ការផ្សាយ ឬចែករំលែកព័ត៌មានបែបបំពុល ប្រឌិតក្លែងបន្លំ ឱ្យអស់ពីក្នុងលំហព័ត៌មានក្នុងសង្គម។ លោកក៏បានលើកទឹកចិត្ត យុវសិស្សទាំងអស់ ឱ្យ ប្រើប្រាស់ឧបករណ៍ស្មាតហ្វូន(smart phone) ឱ្យចំគោលដៅ នោះគឺ ការប្រើដែលបម្រើសកម្មដល់ការសិក្សា ប្រកបដោយប្រសិទ្ធភាព។
លោកអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់ស្រទាប់យុវវ័យ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «៣កុំ ១ការពារ» គឺ កុំទាន់ជឿភ្លាមតាមអារម្មណ៍ ឬការរំជើបរំជួលនៅពេលឃើញព័ត៌មានប្លែកដោយត្រូវផ្អាកហើយគិតសិន, កុំទាន់ចែករំលែក (Share) ប្រភពមិនច្បាស់លាស់ ដើម្បីជៀសវាងការចែកចាយមេរោគ នៃព័ត៌មានក្លែងក្លាយ, និង កុំប្រហែសពេលប្រើប្រាស់បណ្តាញសង្គម ដោយត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះព័ត៌មានហូរចូល និងមិនត្រូវចុចលើតំណភ្ជាប់ (link) ចម្លែកឬមានភាពទាក់ទាញ ហួសហេតុឡើយ រួមផ្សំនឹង «១ការពារ» គឺ ការពារសន្តិសុខព័ត៌មានខ្លួនឯង៖ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងយកចំណេះដឹងនេះ ទៅចែករំលែក បន្តដល់មិត្តភក្តិ គ្រួសារ និងមនុស្សជុំវិញខ្លួនឱ្យបានយល់ដឹងទាន់ល្បិចកល នៃព័ត៌មានក្លែងក្លាយ៕




