ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយ ពីតម្លៃបេតិកភណ្ឌជាតិ ឱ្យបានទូលំទូលាយ

ព្រះវិហារ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញ និងណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិតមាតិកាផ្សព្វផ្សាយ ដែលទាក់ទងទៅនឹងប្រាសាទបុរាណ និងសម្បត្តិវប្បធម៌ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹង និងថែរក្សាតម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិ។

ការណែនាំនេះ បានធ្វើឡើង ក្នុងឱកាសដែលលោក រួមជាមួយលោក អំ តារាវិទូ អនុរដ្ឋលេខាធិការទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រះវិហារ បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយ និងសម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកទឹកចិត្ត ដល់មន្ត្រីជំនាញឱ្យច្នៃប្រឌិត ផលិតមាតិកាខ្លីៗដែលទាក់ទាញ អំពីសម្រស់ និងប្រវត្តិសាស្ត្រនៃបេតិកភណ្ឌខ្មែរដោយធ្វើការសម្ភាសន៍ ឬសាកសួអ្នកជំនាញឱ្យពន្យល់បញ្ជក់ ដើម្បីលើកកម្ពស់ការយល់ដឹង ដល់សាធារណជនជាតិ និងអន្តរជាតិ តាមគ្រប់បណ្តាញផ្សព្វផ្សាយ។

លោកបានលើកឡើងថា ការផ្សព្វផ្សាយវប្បធម៌ជាតិបានយ៉ាងទូលំទូលាយ នឹងជួយជំរុញកំណើនទេសចរណ៍ ឱ្យកាន់តែខ្លាំងក្លា។ ទន្ទឹមនឹងនេះ ការចែករំលែកអត្ថបទ និងវីដេអូតាមបណ្តាញសង្គម ក៏ជាឱកាសមាសសម្រាប់យុវជនកម្ពុជា ក្នុងការសិក្សាស្វែងយល់ និងរួមចំណែកអភិរក្សសម្បត្តិវប្បធម៌ជាតិឱ្យកាន់តែទូលាយ។

ជាមួយគ្នានេះ លោក ទេព អស្នារិទ្ធ បានណែនាំដល់មន្ត្រីព័ត៌មាននៃមន្ទីរព័ត៌មាន ខេត្តព្រះវិហារ ឱ្យបង្កើនការផលិតមាតិកាផ្សព្វផ្សាយអំពីប្រាសាទព្រះវិហារ អំពីប្រាសាទព្រះវិហារ និងតំបន់បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រផ្សេងៗឱ្យបានច្រើនបន្ថែមទៀត។

លោកបានសង្កត់ធ្ងន់ថា ដោយសារប្រាសាទនេះ ជាមរតកដូនតាខ្មែរ ហើយកម្ពុជាធ្លាប់ទទួលបានជោគជ័យ តាមផ្លូវច្បាប់ជាបន្តបន្ទាប់ ក្នុងការការពារអធិបតេយ្យភាព លើប្រាសាទនេះ ទោះបីជាមានភាគីជិតខាង នៅតែមានមហិច្ឆតាឈ្លានពានក្តី ការផលិតមាតិកាព័ត៌មាន និងឯកសារពាក់ព័ន្ធដើម្បីពង្រឹងការយល់ដឹង ដល់សាធារណមតិ គឺជាកិច្ចការអាទិភាពដែលមន្ទីរព័ត៌មាន ត្រូវយកចិត្តទុកដាក់ខ្ពស់៕

To Top