ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន៖ រុស្ស៊ី មានកងទ័ព ជិត១សែននាក់ នៅក្បែរព្រំដែនខ្លួន

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានមានប្រសាសន៍ នៅថ្ងៃសៅរ៍ថា មានទាហានរុស្ស៊ី ចំនួនជិត១០០.០០០នាក់ នៅក្បែរព្រំដែន នៃប្រទេសអ៊ុយក្រែន និងថា បណ្ដាប្រទេសលោកខាងលិច បានចែករំលែកព័ត៌មានមួយទីក្រុងគៀវ ស្តីពីចលនាកងទ័ពរបស់ប្រទេសរុស្ស៊ី។ 

នៅក្នុងវីដេអូឃ្លិបមួយ លើគេហទំព័ររបស់លោក លោកប្រធានាធិបតីអ៊ុយក្រែន បានមានប្រសាសន៍ យ៉ាងដូច្នេះថា “ខ្ញុំសង្ឃឹមថា ពិភពលោកទាំងមូល ក្នុងពេលបច្ចុប្បន្ននេះ អាចមើលឃើញច្បាស់ ពីអ្នកដែលចង់បានសន្តិភាពពិត និងអ្នកដែលកំពុងតែប្រមូលម្តុំទាហាន ជិត១០០.០០០នាក់ នៅតាមព្រំដែនរបស់យើង”។ 

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍ម្សិលមិញផងដែរ អ៊ុយក្រែនបានប្រកាសថា ខ្លួននឹងពន្លឿនដំណើរការ សាងសង់មូលដ្ឋានទ័ពជើងទឹកមួយកន្លែង នៅកំពង់ផែនៃទីក្រុង Berdyans រារាំងការប៉ុនប៉ងរបស់ទីក្រុងមូស្គូ ជ្រៀតចូលមកគ្រប់គ្រងសមុទ្រ តាមរយៈតំបន់គ្រីមា ដែលជាឧបសម្ព័ន្ធរបស់រុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិ ទើបកាន់តំណែងថ្មីៗ របស់ប្រទេសអ៊ុយក្រែន បានប្រកាសគម្រោងសាងសង់ មូលដ្ឋានទ័ពនជើងទឹកនោះ នៅក្នុងសប្ដាហ៍នេះ ក្រោយធ្វើដំណើរទៅកាន់កំពង់ផែ Berdyans’k បន្ទាប់ពីបណ្ដាប្រទេសលោកខាងលិចធ្វើការព្រមាន ពីចលនាកងទ័ព និងភាពអាចមានការវាយប្រហារ របស់ប្រទេសរុស្ស៊ី នៅជិតព្រំដែន របស់ប្រទេសអ៊ុយក្រែន៕ ប្រែសម្រួល៖ប៉ាង កុង 

To Top