ព័ត៌មានអន្តរជាតិ

យន្តហោះឈ្លបយកការណ៍ U-2 របស់អាមេរិក ត្រូវបានគេប្រទះឃើញ ធ្វើចារកម្ម លើយោធារុស្ស៊ី ចំពេលឃើញភាពតានតឹង សមុទ្រខ្មៅ រវាងណាតូ និងរុស្ស៊ី

បរទេស៖ កងកម្លាំងអាកាសរុស្ស៊ី បានរកឃើញការកើនឡើងយ៉ាងខ្លាំង នៅក្នុងការហោះហើរឈ្លបយកការណ៍ របស់អង្គការណាតូ នៅជិតព្រំដែនសមុទ្ររបស់រុស្ស៊ី ក្នុងសមុទ្រខ្មៅកាលពីថ្ងៃសៅរ៍ ដោយក្រសួងការពារជាតិ បានព្រមានថា សកម្មភាពរបស់ប្លុកនេះ បង្ក “ការគំរាមកំហែង ដល់សន្តិសុខក្នុងតំបន់ និងស្ថិរភាពយុទ្ធសាស្ត្រ”។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា យន្តហោះស៊ើបការណ៍ Lockheed U-2S Dragon Lady របស់កងទ័ពអាកាសអាមេរិក ដែលកំពុងប្រតិបត្តិការ ចេញពីមូលដ្ឋានអាកាស Akrotiri នៅលើកោះ Cyprus បានចំណាយពេលប្រហែល 5 ម៉ោងលើដែនអាកាសអ៊ុយក្រែន និងដែនអាកាសអន្តរជាតិ ក្នុងសមុទ្រខ្មៅ ដើម្បីព្យាយាមតាមដាន សកម្មភាពយោធារុស្ស៊ី ។ នេះបើតាម Military Observer ដែលជាប៉ុស្តិ៍ Telegram តាមដានប្រតិបត្តិការ យោធាពិភពលោក និងជម្លោះនានា ដែលបានបានរាយការណ៍។

យោធារុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយ លើព័ត៌មាននេះទេ។ មុននេះ ក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញថា យន្តហោះឈ្លបយកការណ៍ របស់អង្គការណាតូ សរុបចំនួន ៦ ត្រូវបានគេប្រទះឃើញប្រតិបត្តិការ នៅក្នុងតំបន់សមុទ្រខ្មៅ ក្នុងរយៈពេល ២៤ ម៉ោង។ យន្តហោះនេះត្រូវបានគេនិយាយថា ត្រូវបានរកឃើញនិងតាមដាន ពេញមួយការហោះហើររបស់ពួកគេ ដោយប្រព័ន្ធរ៉ាដារបស់កងទ័ព ការពារអាកាសរុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា

To Top