ព័ត៌មានអន្តរជាតិ

ប្រធានមន្ទីរបញ្ចកោណ អះអាងថា អាមេរិកនឹងបញ្ចប់បេសកកម្មយោធា នៅក្នុងប្រទេសអ៊ីរ៉ាក់ នៅចុងឆ្នាំ២០២១នេះ

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាក់ថា បេសកកម្មយោធាអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ នឹងត្រូវបញ្ចប់នៅមុនដំណាច់ឆ្នាំនេះ ក្នុងអំឡុងកិច្ចប្រជុំជាមួយសមភាគីអ៊ីរ៉ាក់ លោក Juma Inad ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍ផ្លូវការបាននិយាយថា «សហរដ្ឋអាមេរិកនឹងរក្សាការប្តេជ្ញាចិត្ត ដែលខ្លួនបានធ្វើក្នុងអំឡុងកិច្ចសន្ទនា យុទ្ធសាស្ត្រអាមេរិក-អ៊ីរ៉ាក់ខែកក្កដា ឆ្នាំ 2021 រួមទាំងថា នឹងមិនមានកងកម្លាំងសហរដ្ឋអាមេរិកដែលមានតួនាទីប្រយុទ្ធនៅចុងឆ្នាំនេះទៀតនោះទេ»។ ។

ដោយយោងតាមសេចក្តីថ្លែងការណ៍ គឺលោក Austin បានបញ្ជាក់បន្ថែមទៅកាន់រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ាក់ថា កងកម្លាំងអាមេរិកនឹងនៅតែស្ថិតក្នុងប្រទេសអ៊ីរ៉ាក់ តាមការអញ្ជើញរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ដើម្បីគាំទ្រដល់កងកម្លាំង សន្តិសុខរបស់ប្រទេស ។ សេចក្តីថ្លែងការណ៍បានសរសេរថា ភាគីទាំងពីរក៏បានពិភាក្សាអំពីដំណាក់កាលបន្ទាប់នៃបេសកកម្មយោធាអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលនឹងផ្តោតលើ “ការផ្តល់ប្រឹក្សា ជំនួយ និងការចែករំលែកព័ត៌មានសម្ងាត់ជាមួយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ក្នុងការគាំទ្រយុទ្ធនាការកម្ចាត់ ក្រុមភេរវករ Daesh៕

ប្រែសម្រួលៈ ណៃ តុលា

To Top