ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានផ្ញើលិខិតអបអរសាទររៀងៗខ្លួន ទៅកាន់ពិធីបិទឆ្នាំ នៃការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន-រុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសាររបស់លោក ស៊ី ជីនពីង បានរំលឹកថា នៅពេលដែលឆ្នាំនៃការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន-រុស្ស៊ី បានបើកនៅក្នុងខែសីហា ឆ្នាំ២០២០ លោក និងប្រធានាធិបតីលោក ពូទីន បានផ្ញើលិខិតរៀងៗខ្លួន ដើម្បីសម្តែងការអបអរសាទរ និងការរំពឹងទុកខ្ពស់។
លោក ស៊ី បានលើកឡើងថា អស់រយៈពេលជាងមួយឆ្នាំ ប្រទេសចិន និងរុស្ស៊ីបានរួមដៃគ្នាជំនះផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ-១៩ ហើយបានអនុវត្តប្រកបដោយ ភាពច្នៃប្រឌិតជាង ១០០០ កិច្ចសហប្រតិបត្តិការ និងសកម្មភាពផ្លាស់ប្តូរទាក់ទង នឹងការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
លោកក៏បានកត់សម្គាល់ផងដែរថា ប្រទេសទាំងពីរបានសម្របសម្រួល យ៉ាងសកម្មដល់ការសម្រេចបាននូវកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាក្នុងវិស័យដូចជា ការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត លំហអាកាស និងអាកាសចរណ៍ ថាមពលនុយក្លេអ៊ែរ និងសេដ្ឋកិច្ចឌីជីថល ទន្ទឹមនឹងការគូសបញ្ជាក់ពីការចាប់ផ្តើមជោគជ័យនៃមូល និធិច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន-រុស្ស៊ី និងកិច្ចសហប្រតិបត្តិការសំខាន់ៗ ដំណើរការក្នុងគម្រោងយុទ្ធសាស្ត្រសំខាន់ៗ។
លោកបានលើកឡើងថា វាត្រូវបានបង្ហាញថា មានសក្តានុពលដ៏អស្ចារ្យ ក៏ដូចជាការរំពឹងទុកយ៉ាងទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ ចិន-រុស្ស៊ី ក្នុងការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
លោក ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសចិន និងរុស្ស៊ី ដែលជាប្រទេសជិតខាង ដ៏ធំបំផុតរបស់គ្នាទៅវិញទៅមក បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើង នៅក្នុងឆាកនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិនាពេលបច្ចុប្បន្ន។
ប្រធានាធិបតីចិនបានអំពាវនាវឱ្យភាគីទាំងពីរ ប្រកាន់ខ្ជាប់នូវគោលគំនិត នៃមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗក្នុងលក្ខណៈជាក់ស្តែង។
លោកក៏បានជំរុញឱ្យភាគីទាំងពីរ លើកកម្ពស់ទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែខ្ពស់ គុណភាពខ្ពស់ និងស្ដង់ដារកាន់តែខ្ពស់ ព្រមទាំងបញ្ចូលកម្លាំងជំរុញថ្មី ទៅក្នុងការបង្កើតទំនាក់ទំនងអន្តរជាតិប្រភេទថ្មី និងការកសាងសហគមន៍ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ៕