ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី ចាប់ខ្លួនមនុស្ស ២៤នាក់ ពីបទរៃអង្គាសប្រាក់ និងពាក់ព័ន្ធ នឹងក្រុមអាល់កៃដា

ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១ថា ក្រុមប្រឆាំងភេរវកម្ម របស់ប្រទេសឥណ្ឌូណេស៊ី បានចាប់ខ្លួនមនុស្ស២៤នាក់ ពីបទសង្ស័យថា បានរៃអង្គាសប្រាក់សម្រាប់ក្រុម Jemaah Islamiyah ហៅកាត់ (JI) ដែលជាក្រុមជ្រុលនិយម Al-Qaeda ដែលត្រូវបានចោទប្រកាន់ ពីបទធ្វើការវាយប្រហារ សកម្មប្រយុទ្ធដ៏ធំបំផុតមួយចំនួនរបស់ប្រទេសនេះ ។

លោក Aswin Siregar នៃកងកម្លាំងប្រឆាំងភេរវកម្ម Densus 88 បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនសង្ស័យបាននឹងកំពុង ប្រមូលមូលនិធិសម្រាប់ JI តាមរយៈមូលនិធិសប្បុរសធម៌ឥស្លាមចំនួន២ ហើយការចាប់ខ្លួនរបស់ពួកគេ នឹងជួយបង្កើតរូបភាពនៃមូលនិធិ សកម្មប្រយុទ្ធនៅក្នុងប្រទេសឥណ្ឌូនេស៊ី ។

ក្រុម JI ត្រូវបានចោទប្រកាន់ពីបទរៀបចំ ការទម្លាក់គ្រាប់បែកនៅកោះបាលី ឆ្នាំ២០០២ ទៅលើក្លឹបរាត្រីចំនួន២កន្លែង ដែលបានសម្លាប់មនុស្ស ជាង២០០នាក់ រួមទាំងជនជាតិអូស្ត្រាលីជាច្រើននាក់ និងការវាយប្រហារដ៏សាហាវ ជាច្រើនផ្សេងទៀតនៅក្នុងរដ្ឋធានីហ្សាការតា។

ផ្ទាំងពាណិជ្ជកម្ម

ផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុ ប៉ូលិសបានបញ្ជាក់ថា មូលដ្ឋានទាំង២ ដែលប្រើជាផ្នែកខាងមុខសម្រាប់ក្រុម JI បានរៃអង្គាសប្រាក់បានប្រហែល ២លានដុល្លារអាមេរិក ទោះបីជាតួលេខអាចខ្ពស់ជាងនេះក៏ដោយ ។

ប៉ូលិសបានលើកឡើងថា សាច់ប្រាក់ស្មើនឹង ៧០០.០០០ដុល្លារអាមេរិក ត្រូវបានរកឃើញនៅការិយាល័យមួយនៃមូលនិធិ។

សមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាឥស្លាម ឥណ្ឌូណេស៊ី ដែលត្រូវបានចាប់ខ្លួន កាលពីដើមខែនេះស្ថិតក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួន ទាំង២៤នាក់នេះផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top