ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ុយក្រែន ប្រកាសត្រៀមខ្លួន ជួបសន្ទនា ជាមួយរុស្ស៊ី ជុំវិញជម្លោះតំបន់ ដុនបាស និងគ្រីមៀ

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាល បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានលើកឡើងថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនា ជាមួយប្រទេសរុស្ស៊ី អំពីវិបត្តិតំបន់ Donbas ។

លោក Zelensky បានឲ្យដឹងក្នុងអំឡុងការរត់ម៉ារ៉ាតុង សារព័ត៌មានថា “ពួកយើងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសន្ទនា។ ប្រសិនបើអ្នកមិនចង់ជួបទេ ចូរយើងនិយាយទូរស័ព្ទ” ។

 លោក Zelensky បានឲ្យដឹងថា អ៊ុយក្រែនត្រូវបានរៀបចំ ដើម្បីដោះស្រាយជម្លោះតំបន់ Donbas មិនត្រឹមតែក្នុងក្របខ័ណ្ឌនៃទម្រង់ Normandy ប៉ុណ្ណោះទេ ប៉ុន្តែក៏មានទម្រង់ស្របគ្នាមួយទៀតជាមួយនឹងការចូលរួមពីសហរដ្ឋអាមេរិកផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

 លោក​បាន​សង្កត់​ធ្ងន់​ថា ក្រុង​កៀវ​មាន​ឆន្ទៈ​ក្នុង​ការ​ ស្វែង​រក​ដំណោះស្រាយ​ ការទូត​ចំពោះ​វិបត្តិ។ ជម្លោះ​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន ​បាន​ផ្ទុះ​ឡើង​តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៤ ដោយ​បាន​ឆក់​យក​ជីវិត​មនុស្ស​ប្រមាណ ១៤,០០០នាក់។

នៅខែមិថុនា ឆ្នាំ២០១៤ ទម្រង់ Normandy ដែលត្រូវបានគេស្គាល់ថា ជាក្រុមទំនាក់ទំនង Normandy ដែលមានអ៊ុយក្រែន រុស្ស៊ី អាល្លឺម៉ង់ និងបារាំង ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយជម្លោះ។

ទំនាក់ទំនងរវាងទីក្រុងគៀវ និងទីក្រុងមូស្គូបាននឹងកំពុងធ្លាក់ចុះ ចាប់តាំងពីដើមឆ្នាំ២០១៤ មក ជុំវិញជំហរផ្សេងគ្នារបស់ពួកគេ លើការវិវត្តនៅ Donbas និង Crimea៕ ដោយ ឈូក បូរ៉ា

To Top
×