ព័ត៌មានអន្តរជាតិ

លោក បៃដិន៖ ជនជាតិអាមេរិក ត្រូវតែធានាថាព្រឹត្ដិការណ៍ វាយប្រហារលើវិមានកាពីតូល នឹងមិនកើតមានម្ដងទៀតនោះទេ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានលើកឡើងថា ជនជាតិអាមេរិកត្រូវតែធានា មិនឱ្យមានការវាយប្រហារ បែបនេះលើវិមានកាពីតូល របស់សហរដ្ឋអាមេរិក កាលពីមួយឆ្នាំមុន “មិនកើតឡើងម្តងទៀតនោះទេ” ខណៈដែលប្រទេសនេះហាក់ដូចជា មានការបែកបាក់ ជាងពេលណាៗទាំងអស់។

លោក បៃដិន បានឲ្យដឹងនៅក្នុងសន្ទរកថាពីវិមាន Statuary Hall នៅខាងក្រៅសភាថា “កាលពីមួយឆ្នាំមុនថ្ងៃនេះ នៅកន្លែងដ៏ពិសិដ្ឋនេះ លទ្ធិប្រជាធិបតេយ្យត្រូវបានវាយប្រហារ វាយប្រហារដោយពលរដ្ឋសាមញ្ញ។ ឆន្ទៈរបស់ប្រជាជន គឺស្ថិតនៅក្រោមការរំលោភ។ រដ្ឋធម្មនុញ្ញរបស់យើងប្រឈមមុខ នឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ” ។

លោក បៃដិន បានលើកឡើងដោយចោទប្រកាន់ អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ថា “ខ្ញុំជឿថាអំណាចនៃប្រធានាធិបតី និងគោលបំណងគឺ ដើម្បីបង្រួបបង្រួមជាតិនេះ មិនបែកបាក់នោះទេ។ ដើម្បីលើកយើងឡើង កុំបំបែកពួកយើង” លោក បៃដិន បានឲ្យដឹងដោយចោទប្រកាន់ អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ថាបានផ្សព្វផ្សាយ “បណ្តាញនៃការកុហក” អំពី ការបោះឆ្នោតឆ្នាំ២០២០ ដែលបានដាក់មូលដ្ឋានគ្រឹះ សម្រាប់ការវាយប្រហារលើវិមានកាពីតូល កាលពីមួយឆ្នាំមុន។

លោកបន្ដថា “ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់យើង ដែលប្រធានាធិបតីមិនត្រឹមតែ ចាញ់ការបោះឆ្នោតនោះទេ លោកព្យាយាមរារាំងការ ផ្ទេរអំណាចដោយសន្តិវិធី នៅពេលដែលក្រុមមនុស្សហឹង្សា បានបំពានលើវិមានកាពីតូល ប៉ុន្តែពួកគេបានបរាជ័យ”។

លោកបានបន្ថែមថា “ហើយនៅថ្ងៃ នៃការចងចាំនេះ យើងត្រូវតែធ្វើឲ្យ ប្រាកដថា ការវាយប្រហារបែបនេះ មិនដែលកើតឡើងទៀតនោះទេ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយភ្លាមៗ បន្ទាប់ពីការថ្លែងរបស់លោក បៃដិន លោក ត្រាំ បានអះអាងថា លោក បៃដិន “បានប្រើឈ្មោះរបស់ខ្ញុំ នៅថ្ងៃនេះ ដើម្បីព្យាយាមបំបែកអាមេរិកបន្ថែមទៀត” ទោះបីជាលោក បៃដិន មិនបានលើកឡើងពីឈ្មោះ ត្រាំ ក្នុងអំឡុងសុន្ទរកថារបស់លោកក៏ដោយ។

លោក ត្រាំ បានលើកឡើងថា “គណបក្សប្រជាធិបតេយ្យ ចង់ធ្វើជាម្ចាស់នៃថ្ងៃទី៦ ខែមករានេះ ដូច្នេះពួកគេអាចបង្កឱ្យមានការភ័យខ្លាច និងធ្វើឱ្យអាមេរិកបែកបាក់។ ខ្ញុំនិយាយថា អនុញ្ញាតឱ្យពួកគេមានវា ពីព្រោះអាមេរិកមើលឃើញ តាមរយៈការភូតកុហក និងបន្ទាត់រាងប៉ូលរបស់ពួកគេ” ៕

ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top