បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារនេះ បាននិយាយថា ស្ថានទូតខ្លួនប្រចាំ នៅក្នុងទីក្រុងគៀវ កំពុងតែធ្វើប្រតិបត្តិការដូចធម្មតា ក្រោយកាសែត New York Times បានរាយការណ៍ថា ទីក្រុងមូស្គូបានចាប់ផ្តើម ជម្លៀសក្រុមគ្រួសារ បុគ្គលិកនៅស្ថានទូតខ្លួន ក្នុងប្រទេសអ៊ុយក្រែន។
កាសែត New York Times បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូបថា មនុស្សចំនួន១៨នាក់ ដែលភាគច្រើនគឺជាសមាជិកគ្រួសារមន្ត្រីការទូតរុស្ស៊ី បានធ្វើដំណើរចាកចេញពីប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៥ ខែមករា ហើយមនុស្សចំនួនប្រមាណ៣០នាក់ផ្សេងទៀត បានចាកចេញពីស្ថានទូតក្នុងទីក្រុងគៀវ និងកុងស៊ុលក្នុងទីក្រុង Lviv នៅប្រទេសអ៊ុយក្រែនភាគខាងលិច ក្នុងពេលពីរបីថ្ងៃក្រោយមក។
តាមសេចក្តីរាយការណ៍ កាសែតដដែលនេះ ក៏បានរាយការណ៍ផងដែរថា មន្ត្រីការទូតនៅកុងស៊ុលរុស្ស៊ី២ផ្សេងទៀត ត្រូវបានគេជូនដំណឹងឲ្យធ្វើការត្រៀមខ្លួន ដើម្បីធ្វើដំណើរចាកចេញពីប្រទេសអ៊ុយក្រែនផងដែរ។
ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី មិនបាននិយាយដល់រឿងស្ថានកុងស៊ុលខ្លួន នៅក្នុងប្រទេសអ៊ុយក្រែននោះទេ ប៉ុន្តែបាននិយាយប្រាប់កាសែត Interfax ថា ស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុងគៀវ គឺកំពុងតែធ្វើប្រតិបត្តិការ តាមប្រក្រតីធម្មតា តែមិនបានផ្តល់សេចក្តីលម្អិតបន្ថែមនោះឡើយ៕
ប្រែសម្រួល៖ប៉ាង កុង