ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡំាង៖ ទណ្ឌកម្ម នឹងមិនធ្វើឲ្យប៉ះពាល់លោក ពូទីន ដោយផ្ទាល់នោះទេ

បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃពុធនេះថា ការដាក់ទណ្ឌកម្មលើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹងធ្វើឲ្យប៉ះពាល់ដល់នយោបាយ និងមិនប៉ះពាល់ដល់លោក ដោយផ្ទាល់នោះឡើយ ក្រោយមួយថ្ងៃបន្ទាប់ពី លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ចេញសេចក្តីព្រមានថា អាមេរិកអាចនឹងពិចារណា ចាត់វិធានការបែបនោះ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

លោក បៃដិន បានធ្វើការព្រមានថា ទណ្ឌកម្មផ្តោតគោលដៅលើលោក ពូទីន ជាលក្ខណៈបុគ្គល នឹងត្រូវបានគេចាត់ទុកថា ជាវិធានការមួយប្រឆាំងមេដឹកនំារុស្ស៊ី ដើម្បីបង្ខំទីក្រុងមូស្គូឲ្យបញ្ឈប់ កិច្ចប្រឹងប្រែងណាមួយ ដែលជាការធ្វើការឈ្លានពាន ចូលទៅក្នុងប្រទេសអ៊ុយក្រែន។

មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ទណ្ឌកម្មជាលក្ខណៈបុគ្គលលើលោក ពូទីន នឹងមិនបង្កការឈឺចាប់នោះទេ ក្រោយពីធ្វើឲ្យមានការ បំផ្លិចបំផ្លាញនយោបាយ ហើយលោកធ្លាប់បាននិយាយពីមុនថា ទណ្ឌកម្មបុគ្គលបែបនេះ នឹងមានន័យស្មើនឹងការបំបែកបំបាក់ការទូត។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ប្រទេសរុស្ស៊ី បានប្រមូលផ្តុំកងទ័ពខ្លួនប្រមាណ១០០.០០០នាក់ នៅលើព្រំដែនខ្លួនជាប់ប្រទេសអ៊ុយក្រែន ប៉ុន្តែបានធ្វើការបដិសេចំពោះការអះអាង ដែលថា ខ្លួនមានគម្រោងឈ្លានពានលើអតីតប្រទេស សមាជិកសហភាពសូវៀត ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top