អង់ការ៉ា ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានលើកឡើងថា លោកអរគុណចំពោះកម្រិតថ្នាំ ដែលលោកទទួលបាន លោកបានជាសះស្បើយ យ៉ាងឆាប់រហ័សពីជំងឺកូវីដ-១៩ ។
លោក Erdogan កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើតេស្តអវិជ្ជមាន សម្រាប់ជំងឺកូវីដ-១៩ ត្រឹមតែ ៦ថ្ងៃ បន្ទាប់ពីលោកបានបង្ហោះសារថា លោកនិងប្រពន្ធរបស់លោក បានឆ្លងមេរោគអូមីក្រុង ។
លោក Erdogan បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងអ៊ីស្តង់ប៊ុលថា “ខ្ញុំបានឆ្លងជំងឺនេះបានយ៉ាងងាយ ។ ពិតណាស់ អត្ថប្រយោជន៍នៃវ៉ាក់សាំង គឺល្អពិតប្រាកដណាស់” ដោយកត់សម្គាល់ថា លោកបានទទួលការចាក់វ៉ាក់សាំង Sinovac ចំនួនពីរដង និងវ៉ាក់សាំង BioNTech សម្រាប់ដូសជំរុញ។
លោកប្រធានាធិបតីបានលើកឡើងថា “អរគុណចំពោះឥទ្ធិពល នៃវ៉ាក់សាំងទាំងនេះ ខ្ញុំបានធូរស្រាលឡើងវិញក្នុងរយៈពេលដ៏ខ្លី” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោក Erdogan បានបន្ថែមថា ភរិយារបស់លោក មិនទាន់បានជាសះស្បើយពេញ លេញនៅឡើយទេ ហើយការឆ្លងនៅតែបន្តកើតមាន ប៉ុន្តែការប្រុងប្រយ័ត្នគ្រប់ប្រភេទត្រូវបានចាត់វិធានការ ។
ប្រទេសតួកគីបានចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំង របស់ខ្លួននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ជាមួយនឹងវ៉ាក់សាំង Sinovac របស់ប្រទេសចិន ហើយក្រោយមកបានរួមបញ្ចូលវ៉ាក់សាំង Pfizer-BioNTech នៅក្នុងកម្មវិធី។ ខ្លួនបានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាផលិតផលក្នុងស្រុក Turcovac នៅចុងខែធ្នូ ឆ្នាំ២០២១៕
ដោយ ឈូក បូរ៉ា