ព័ត៌មានអន្តរជាតិ

ការសម្រេចរបស់លោក បៃដិន ក្នុងការផ្តល់សំណង ដល់ជនរងគ្រោះ ខែ៩ ថ្ងៃទី១១ ជាមួយនឹងទ្រព្យសម្បត្តិអាហ្វហ្គានីស្ថាន គឺមិនយុត្តិធម៌

វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យរងរបស់រដ្ឋាភិបាល តាលីបង់ លោក Inamullah Samangani បានរិះគន់ការសម្រេចចិត្ត “អយុត្តិធម៌” របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្តល់សំណង ដល់ជនរងគ្រោះនៃការវាយប្រហារភេរវកម្ម ខែ៩ ថ្ងៃទី ឆ្នាំ២០០១ ជាមួយនឹងទ្រព្យសម្បត្តិ របស់ប្រទេសអាហ្វហ្គានីស្ថាន។

លោក Samangani បានប្រាប់ស៊ីនហួឲ្យដឹងថា “ការសម្រេច ចិត្តនាពេលថ្មីៗនេះរបស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន លើការដោះស្រាយទុនបំរុង ប្តូរប្រាក់បរទេសរបស់ប្រទេស អាហ្វហ្គានីស្ថាន គឺជាការសងសឹកយ៉ាង ប្រញាប់ប្រញាល់ និងអយុត្តិធម៌ ដែលបង្ហាញពីសីលធម៌ដ៏ងងឹតងងុល របស់សហរដ្ឋអាមេរិក” ។

បន្ទាប់ពីការដកកងទ័ព របស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិក បានបង្កកទ្រព្យសម្បត្តិជិត ១០ ពាន់លានដុល្លាររបស់ធនាគារ កណ្តាលអាហ្វហ្គានីស្ថាន ដែលធ្វើឲ្យវិបត្តិសេដ្ឋកិច្ច និងភាពក្រីក្រកាន់តែអាក្រក់ នៅក្នុងប្រទេសអាស៊ី ដែលហែកហួរដោយសង្រ្គាមមួយនេះ ។

នៅក្នុងក្រឹត្យដែលចេញកាលពីថ្ងៃសុក្រ លោក បៃដិន តាមសេចក្តីរាយការណ៍បានបញ្ជា ឱ្យបែងចែកទ្រព្យសម្បត្តិចំនួន ៣,៥ពាន់លានដុល្លារពីទ្រព្យសម្បត្តិ ដែលជាការខូចខាតដល់ជនរងគ្រោះ នៃការវាយប្រហារភេរវកម្ម ខែ៩ ថ្ងៃទី១១ និងបង្វែរប្រាក់ចំនួន ៣,៥ពាន់លានដុល្លារបន្ថែមទៀតទៅឱ្យអាហ្វហ្គានីស្ថាន ជាជំនួយមនុស្សធម៌ដោយគ្មានការ យល់ព្រមពីពួកតាលីបង់ ។

លោក Samangani បានលើកឡើងថា “ជនជាតិអាមេរិកបន្ទាប់ពីការរងបរាជ័យផ្នែកយោធា ឥឡូវនេះកំពុងធ្វើឱ្យមានការបរាជ័យខាងសីលធម៌របស់ពួកគេ ដោយទទួលយកការ សម្រេចចិត្តដ៏អយុត្តិធម៌បែបនេះ។ ទ្រព្យសម្បត្តិ អាហ្វហ្គានីស្ថាន មិនអាចត្រូវបានបង់ជាសំណង ឬជំនួយមនុស្សធម៌ ដោយជនជាតិអាមេរិក ដល់អាហ្វហ្គានីស្ថាននោះទេ ព្រោះវាជាទ្រព្យសម្បត្តិ របស់អាហ្វហ្គានីស្ថាន”៕
ដោយ ឈូក បូរ៉ា

To Top