ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ថា ភ្នំភ្លើងតូចមួយនៅក្នុងបឹងទេសភាព ក្បែររដ្ឋធានីហ្វីលីពីនបានបក់ ចេញនូវចំហាយទឹកពណ៌ស និងផេះកម្ពស់១,៥គីឡូម៉ែត្រ ទៅលើមេឃក្នុងការផ្ទុះឡើង រយៈពេលមួយខ្លី ប៉ុន្តែមានកម្លាំងខ្លាំងកាលពីថ្ងៃសៅរ៍ ដែលជំរុញឱ្យអាជ្ញាធរ បង្កើនកម្រិតប្រកាសអាសន្ន និងជម្លៀសមនុស្សរាប់រយនាក់ចេញ ដែលមានអ្នកស្រុកមកពីភូមិ ដែលមានហានិភ័យខ្ពស់ ។
វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បានឲ្យដឹងថា ភ្នំភ្លើង Magma បានប៉ះនឹងទឹកនៅក្នុងរណ្ដៅដ៏ធំនៃភ្នំភ្លើង Taal ក្នុងខេត្ត Batangas ដោយបានបញ្ឆេះការផ្ទុះឡើង ដោយចំហាយទឹក ដែលត្រូវបានបន្តដោយការបំភាយតូចៗ និងអមដោយការរញ្ជួយដីភ្នំភ្លើងផងដែរ ។
វិទ្យាស្ថានបានបង្កើនការជូនដំណឹង នៅ៣១១ម៉ែត្រនៃភ្នំភ្លើង Taal ដែលជាភ្នំភ្លើងតូចបំផុតមួយ របស់ពិភពលោក ដល់កម្រិតទី៣ នៅក្នុងប្រព័ន្ធព្រមានកម្រិត៥ តាមដំណាក់កាល ដែលមានន័យថា “មានការកក្រើកដ៏អស្ចារ្យ នៅមាត់ភ្នំភ្លើងធំ ដែលអាចជំរុញឱ្យមានការផ្ទុះបន្ថែមទៀត” ។ ការជូនដំណឹងកម្រិត៥ មានន័យថា ការផ្ទុះដែលគំរាមកំហែង ដល់អាយុជីវិតដែលអាចបំផ្លាញ សហគមន៍កំពុងដំណើរការ ។
អ្នកស្រុកនៃភូមិមាត់បឹងចំនួន៥ ស្ថិតក្នុងងតំបន់គ្រោះថ្នាក់ចម្ងាយ៧គីឡូម៉ែត្រ ពីរណ្ដៅភ្នំភ្លើងក្នុងទីក្រុង Batangas នៃទីក្រុង Agoncillo និង Laurel ត្រូវបានព្រមានពីគ្រោះថ្នាក់ ដែលអាចកើតមាន រួមមានឧស្ម័ន និងសម្ភារៈរលាយលឿន និង “រលកយក្សស៊ូណាមិ” នៅក្នុងបឹង Taal ហើយបានចាប់ផ្តើមជម្លៀស ទៅកាន់ទីសុវត្ថិភាព ។
ការឆ្លើយតបដោយក្រុមការងារគ្រោះមហន្តរាយ របស់រដ្ឋាភិបាលបានឲ្យដឹងថា អ្នកភូមិជាង១.២០០ នាក់បានផ្លាស់ប្តូរទៅកាន់ ទីជម្រកសង្គ្រោះបន្ទាន់នៅវេលាថ្ងៃត្រង់។
លោកស្រី Joan Amo អភិបាលក្រុង Laurel បានប្រាប់សារព័ត៌មាន The Associated Press តាមទូរស័ព្ទថា “វាជាការផ្ទុះដ៏ខ្លាំងក្លាមួយ ប៉ុន្តែឥឡូវនេះ ភ្នំភ្លើងបានស្ងប់ស្ងាត់ហើយ” ដោយបានលើកឡើងទៀតថា អ្នកស្រុករហូត ដល់៨.០០០នាក់ នៅក្នុងភូមិដែលមានហានិភ័យខ្ពស់ ក្នុងទីក្រុងរបស់លោកស្រី នឹងត្រូវផ្លាស់ទៅទីទួលសុវត្ថិភាព ប្រសិនបើភ្នំភ្លើងនេះកើតឡើង ដោយមានភាពចលាចល នៅតែបន្តនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា