ព័ត៌មានអន្តរជាតិ

រុស្ស៊ី បង្កើតក្រុមការងារ ស៊ើបអង្កេតមន្ទីរពិសោធន៍ ជីវសាស្រ្តអាមេរិក នៅអ៊ុយក្រែន

ម៉ូស្គូ៖ គណៈកម្មការសភារុស្ស៊ី បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រកាសពីការបង្កើត ក្រុមការងារចំនួន៤ ដើម្បីស៊ើបអង្កេតមន្ទីរពិសោធន៍ជីវសាស្ត្រ ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ុយក្រែន។

សភាឌូម៉ា ឬសភាជាន់ទាបនៃសភាសហព័ន្ធ របស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈកម្មាការបានទទួល ព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ី ស្តីពីការស៊ើបអង្កេតលើការ ស្រាវជ្រាវជីវសាស្រ្តដោយអ្នកឯកទេសអាមេរិក នៅអ៊ុយក្រែន។

លោកស្រី Irina Yarovaya សហប្រធានគណៈកម្មការ និងជាអនុប្រធាននៃសភាឌូម៉ា បានឲ្យដឹងថា ក្នុងអំឡុងពេលប្រតិបត្តិការ យោធាពិសេសរបស់រុស្ស៊ី សកម្មភាពជីវសាស្ត្រដ៏គ្រោះថ្នាក់ របស់សហរដ្ឋអាមេរិក នៅលើទឹកដីនៃអ៊ុយក្រែន ត្រូវបានបង្ហាញ។

លោកស្រីបានបន្ដថា “គ្រោះថ្នាក់ទាំងសម្រាប់រុស្ស៊ី និងសម្រាប់អ៊ុយក្រែនខ្លួនឯង។ យើងកំពុងនិយាយអំពីសកម្មភាពសម្ងាត់ ដែលគ្រប់គ្រងដោយ ក្រសួងការពារជាតិសហរដ្ឋអាមេរិក ជាមួយនឹងសញ្ញានៃ ការអភិវឌ្ឍន៍អាវុធជីវសាស្រ្ត”។

សមាជិកសភាជាន់ខ្ពស់រូបនេះ បានកត់សម្គាល់ថា ក្រុមការងារទាំង៤ នឹងធ្វើការវិភាគលម្អិតលើឯកសារ និងអង្គហេតុទាំងអស់ រួមទាំងនៅកម្រិតអ្នកជំនាញផងដែរ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top