ព័ត៌មានអន្តរជាតិ

រុស្ស៉ី បណ្ដេញអ្នកការទូត ៣ប្រទេស ចេញពីប្រទេសរបស់ខ្លួន ទុកជាការសងសឹក

ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានប្រកាសអ្នកការទូតចំនួន ១៥ នាក់មកពីប្រទេសហូឡង់ និងអ្នកការទូតមួយចំនួនទៀត ដែលមិនបានបញ្ជាក់ មកពីប្រទេសបែលហ្ស៊ិក និងអ្នកការទូតចំនួន ៤ នាក់មកពីប្រទេសអូទ្រីស ចេញពីប្រទេសរបស់ខ្លួន សម្រាប់ចលនានៃការសងសឹក។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកពីគ្នាថា ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងបី ត្រូវបានកោះហៅ ទៅកាន់ក្រសួងការបរទេសរុស្ស៊ី ក្នុងការតវ៉ាជុំវិញ ការសម្រេចចិត្តរបស់ពួកគេ ក្នុងការប្រកាសអ្នកការទូតរុស្ស៊ី រាប់សិបនាក់ដែលកំពុងធ្វើការ នៅក្នុងប្រទេសទាំងនេះថា “បុគ្គលដែលមិនពេញចិត្ត” ។

អ្នកការទូតហូឡង់ នឹងត្រូវចាកចេញ ពីប្រទេសរុស្ស៊ី ក្នុងរយៈពេលពីរសប្តាហ៍ អ្នកការទូតបែលហ្ស៊ិក ត្រូវបានបញ្ជាឱ្យចាកចេញមុន ថ្ងៃចុងក្រោយនៅថ្ងៃទី០៣ ខែឧសភា ខណៈដែលអ្នកការទូតអូទ្រីស ត្រូវចាកចេញពីប្រទេសរុស្ស៊ី មុនថ្ងៃបញ្ចប់នៅថ្ងៃទី២៤ ខែមេសា។

ក្រសួងក៏បានកោះហៅឯកអគ្គរដ្ឋទូត របស់ប្រទេសលុចសំបួ ដោយលើកឡើងថា ទីក្រុងមូស្គូ “រក្សាសិទ្ធិក្នុងការសងសឹក” ចំពោះការបណ្តេញបុគ្គលិកណាម្នាក់ នៅស្ថានទូតរុស្ស៊ី របស់ប្រទេសលុចសំបួ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top