ព័ត៌មានអន្តរជាតិ

Updated៖ ប្រធានាធិបតីអ៊ុយក្រែន ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្ររ៉ូម៉ានី ដើម្បីស្វែងរកការគាំទ្រដល់អ៊ុយក្រែន

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានជួបជាមួយលោក Nicolae Ciuca នាយករដ្ឋមន្ត្រី រ៉ូម៉ានី ដើម្បីពិភាក្សាអំពីការគាំទ្ររបស់ក្រុង Bucharest សម្រាប់ទីក្រុងគៀវ ។

ក្នុងអំឡុងកិច្ចពិភាក្សា លោក Zelensky បានអរគុណដល់រដ្ឋាភិបាលរបស់ប្រទេសរូម៉ានីសម្រាប់ជំនួយនេះ រួមទាំងជំនួយការពារជាតិដែលខ្លួនបានផ្តល់សម្រាប់អ៊ុយក្រែន ។

លោក Zelensky បានថ្លែងថ “ដំណើរទស្សនកិច្ចរបស់អ្នកគឺជាសញ្ញាច្បាស់លាស់មួយដ៏សំខាន់ នៃការគាំទ្ររបស់អ៊ុយក្រែនក្នុងសង្រ្គាមប្រឆាំងនឹងសហព័ន្ធរុស្ស៊ី” ។

គួរបញ្ជាក់ថា មេដឹកនាំអ៊ុយក្រែនបានសរសើរជំហររបស់រូម៉ានីលើគោលនយោបាយ ដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីជុំវិញជម្លោះជាមួយអ៊ុយក្រែន និងជំនួយក្នុងការរៀបចំការ ដឹកជញ្ជូនដ៏សំខាន់នៃជំនួយ មនុស្សធម៌អន្តរជាតិទៅកាន់អ៊ុយក្រែន រួមទាំងធនធានថាមពលផងដែរ ។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់ពួកគេ លោក Zelensky និងលោក Ciuca ក៏បានពិភាក្សាអំពីទស្សនវិស័យសម្រាប់សមាហរណកម្មអឺរ៉ុបរបស់អ៊ុយក្រែន ក៏ដូចជាបញ្ហានៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងទ្វេភាគីទៀតផង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top