ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា ហុងគ្រីពិតជាមានផែនការ ចង់លួចទឹកដីរបស់ខ្លួន

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាប្រទេសហុងគ្រី គឺជាអ្នកដែលបានទទួលដំណឹងមុនគេ ពីប្រទេសរុស្សីថានឹងមានការ វាយប្រហារចូលក្នុងប្រទេសអ៊ុយក្រែនហើយហុងគ្រី ក៏បានដាក់ផែនការផងដែរក្នុងការ ដណ្តើមយកទឹកដីមួយចំនួន របស់អ៊ុយក្រែននៅក្នុងអំឡុងពេល សង្គ្រាមកើតឡើងនេះ។

ការអះអាងធ្វើឡើងដោយ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអ៊ុយក្រែន ចេញពីទីក្រុងគៀវកាលពីថ្ងៃម្សិលមិញនេះ ក៏បានព្រមានដែរថា៖ ហុងគ្រីនឹងទទួលបាននូវការ ឆ្លើយតបជាបន្តបន្ទាប់ហើយ ក្នុងនោះនាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban ក៏ត្រូវបានអ៊ុយក្រែនដាក់បញ្ចូលឈ្មោះ ទៅក្នុងបញ្ជីសត្រូវរបស់អ៊ុយក្រែនផងដែរ។

លោក Alexey Danilov មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអ៊ុយក្រែន បានថ្លែងបែបនេះនៅក្នុងអំឡុងពេល នៃការធ្វើសន្និសិទសារព័ត៌មាន កាលពីថ្ងៃចន្ទម្សិលមិញ ហើយអះអាងទៀតដែរថា ហុងគ្រីបានបើកកិច្ចសហប្រតិបត្តិការ ជាមួយនឹងរុស្សីច្រើនជាងអ្វីដែល ប្រធានាធីបតីរុស្សីលោក Vladimir Putin បានជូនដំណឹងជាមុនអំពីការ វាយប្រហារទៅលើប្រទេសអ៊ុយក្រែន។

លោកបន្តថា៖ ហុងគ្រីគិតថា វាគឺជាឱកាសក្នុងការលួចយក ដែនដីមួយចំនួនរបស់យើង ទៅប៉ុន្តែរឿងនោះនឹងមិនអាច កើតឡើងទៅរួចឡើយហើយជ័យជំនះ នឹងប្រាកដជាធ្លាក់មកលើប្រទេសអ៊ុយក្រែន ជាមិនខានហើយយើងនឹងរងចាំមើល ហុងគ្រីទទួលរងនូវការឆ្លើយតបវិញ ចំពោះសកម្មភាពទាំងនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top