ព័ត៌មានអន្តរជាតិ

ការនាំចូលកើនឡើង ជំរុញឱនភាពពាណិជ្ជកម្ម របស់អាមេរិក ឱ្យកើនឡើងខ្ពស់បំផុតក្នុងខែមីនា

វ៉ាស៊ីនតោន៖ ក្រសួងពាណិជ្ជកម្មអាមេរិក បានរាយការណ៍កាលពីថ្ងៃពុធថា ឱនភាពពាណិជ្ជកម្មរបស់ សហរដ្ឋអាមេរិកបានកើនឡើង ដល់កម្រិតខ្ពស់បំផុតនៅក្នុងខែមីនា ចំពេលមានការកើនឡើង យ៉ាងខ្លាំងនៃការនាំចូល។

យោងតាមរបាយការណ៍បានឱ្យដឹងថា ឱនភាពទំនិញ និងសេវាកម្មបានកើនឡើង ២២,៣ភាគរយ ពីខែមុន ដល់កម្រិតខ្ពស់គ្រប់ពេលវេលាគឺ ១០៩,៨ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

របាយការណ៍បានបង្ហាញថា ការនាំចូលរបស់សហរដ្ឋអាមេរិក បានកើនឡើង ១០,៣ភាគរយដល់ ៣៥១,៥ពាន់លានដុល្លារក្នុងខែមីនា ខណៈដែលការនាំចេញបានកើនឡើង ៥,៦ភាគរយដល់ ២៤១,៧ពាន់លានដុល្លារ។

លោក Tim Quinlan និងលោក Shannon Seery សេដ្ឋវិទូនៅក្រុមហ៊ុន Wells Fargo Securities បានឲ្យដឹងនៅក្នុងការវិភាគមួយថា “និន្នាការពង្រីកនៅក្នុង សមតុល្យពាណិជ្ជកម្ម នៅទូទាំងជំងឺរាតត្បាត គឺជាលទ្ធផលនៃការស្ទុះងើបឡើងវិញ យ៉ាងឆាប់រហ័សក្នុងស្រុកជាងដៃគូ ពាណិជ្ជកម្មសំខាន់ៗជាច្រើន របស់សហរដ្ឋអាមេរិក” ។

អ្នកទាំងពីរបានបន្ថែមថា “នៅពេលដែលតម្រូវការទំនិញ ក្នុងស្រុកមានការថយចុះនៅឆ្នាំនេះ យុគសម័យនៃឱនភាពពាណិជ្ជកម្ម ដែលកំពុងកើនឡើងយ៉ាងខ្លាំង នៅទីបំផុតនឹងផ្លាស់ប្តូរទៅជាការរួមតូចមួយ” ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top