ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី អះអាងថា យោធាអ៊ុយក្រែនចំនួន ៦៩៤នាក់ សុខចិត្តចុះចាញ់ នៅរោងចក្រដែក Azovstal

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ថា ប្រទេសរុស្ស៊ី បានអះអាងកាលពីថ្ងៃពុធថា យោធារបស់អ៊ុយក្រែនចំនួន៦៩៤នាក់ដែលត្រូវបានរារាំងនៅរោងចក្រ Azovstal ក្នុងទីក្រុង Mariupol បានទម្លាក់អាវុធចុះចាញ់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងនោះមាន២៩នាក់បានរងរបួស ។

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមសកម្មប្រយុទ្ធសរុបចំនួន៩៥៩នាក់បានចុះចាញ់ចាប់តាំងពីថ្ងៃទី១៦ ខែឧសភា រួមទាំង៨០នាក់បានរងរបួស” ។ ដោយបានបន្ថែមថា ៥១នាក់ក្នុងចំណោមពួកគេកំពុងត្រូវការជំនួយផ្នែកវេជ្ជសាស្រ្ត ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅ Novoazovsk នៅ Donetsk ដើម្បីព្យាបាលរបួស ។

ក្រុមយោធាទាំងនោះបានចាប់ផ្តើមចុះចាញ់កាលពីថ្ងៃចន្ទ បន្ទាប់ពីកិច្ចព្រមព្រៀងមួយបានសម្រេចរវាងក្រុងម៉ូស្គូ និងក្រុងគៀវ ស្តីពីការជម្លៀសយោធាអ៊ុយក្រែនដែលរងរបួស ។

ផ្ទាំងពាណិជ្ជកម្ម

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Ukrinform បានរាយការណ៍កាលពីថ្ងៃពុធថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានស្នើទៅសភាឱ្យពន្យាច្បាប់អាជ្ញាសឹកបច្ចុប្បន្ន និងការចល័តទូទៅនៅក្នុងប្រទេស ។

សេចក្តីព្រាងច្បាប់ចំនួន២ដាច់ដោយឡែកពីគ្នាស្តីពីការពន្យារច្បាប់អាជ្ញាសឹក និងការចល័តទូទៅត្រូវបានដាក់ជូនសភា នេះបើយោងតាមគេហទំព័ររបស់សភាបានបង្ហោះឲ្យដឹង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top