ព័ត៌មានអន្តរជាតិ

សហភាព​អឺរ៉ុប​ ត្រៀម​បញ្ជូន​ជំនួយ​ ១​ពាន់​លាន​អឺរ៉ូ​ ទៅ​កាន់អ៊ុយក្រែន

ព្រុចសែល៖ សហភាពអឺរ៉ុប បានស្នើសុំមូលនិធិសង្គ្រោះបន្ទាន់ចំនួន ១ពាន់លានអឺរ៉ូ (១,០៤ ពាន់លានដុល្លារ) ដើម្បីជួយអ៊ុយក្រែន ដែលរងគ្រោះដោយសង្រ្គាម ដោះស្រាយបញ្ហាលំហូរសាច់ប្រាក់របស់ខ្លួន ដោយប្រទេសន័រវេស ក៏បានប្រកាសអំពីជំនួយមនុស្សធម៌ ចំនួន ១ពាន់លានអឺរ៉ូ សម្រាប់រយៈពេលពីរឆ្នាំខាងមុខផងដែរ។

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានលើកឡើងថា ផ្នែកដំបូងនៃផែនការជំនួយ “នឹងអនុញ្ញាតឱ្យយើងផ្តល់ចម្លើយភ្លាមៗ ចំពោះតម្រូវការបន្ទាន់របស់អ៊ុយក្រែន”។

លោកស្រីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា “សហភាពអឺរ៉ុប នឹងបន្តផ្តល់ជំនួយដល់អ៊ុយក្រែន ហើយក្នុងរយៈពេលយូរទៀតគាំទ្រ ការកសាងឡើងវិញរបស់ខ្លួន ក្នុងនាមជាប្រទេសប្រជាធិបតេយ្យ និងវិបុលភាព”។

ការផ្តល់មូលនិធិសង្គ្រោះបន្ទាន់ ដែលត្រូវការឱ្យមានការយល់ព្រម ពីរដ្ឋសមាជិកទាំងអស់ មុនពេលដែលវាអាចត្រូវបានបញ្ចេញ កើតឡើងនៅពេលដែលព័ត៌មានលម្អិត នៃកញ្ចប់ធំជាងនេះ កំពុងត្រូវបានដោះស្រាយ។

គណៈកម្មាការបានឲ្យដឹងថា នៅក្រោមសំណើនេះ មូលនិធិនឹងអាចរកបាន សម្រាប់អ៊ុយក្រែន ក្នុងទម្រង់ជាប្រាក់កម្ចីរយៈពេលវែង ក្នុងលក្ខខណ្ឌអំណោយផល។  ថវិកាសហភាពអឺរ៉ុប នឹងគ្របដណ្តប់លើការចំណាយលើការប្រាក់ ហើយប្រាក់កម្ចីនឹងត្រូវបានគាំទ្រសម្រាប់ ៧០ភាគរយននៃតម្លៃដោយចំនួនទឹកប្រាក់ ដែលបានកំណត់ក្នុងថវិកា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top