ព័ត៌មានអន្តរជាតិ

GDP របស់អ៊ុយក្រែន នឹងធ្លាក់ចុះ ៣៣,៤ភាគរយ ក្នុងឆ្នាំ២០២២

គៀវ៖ ធនាគារជាតិនៃអ៊ុយក្រែន បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអ៊ុយក្រែន នឹងធ្លាក់ចុះ ៣៣,៤ ភាគរយនៅឆ្នាំនេះ ចំពេលមានជម្លោះរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ធនាគារបានឲ្យដឹងនៅលើបណ្ដាញសង្គម Facebook ថាជម្លោះយោធាបច្ចុប្បន្ន ការបាត់បង់អាយុជីវិត និងលំហូរចេញនៃចំនួនប្រជាជនពីប្រទេស គឺជាកត្តាចម្បងនៅពីក្រោយការធ្លាក់ចុះនេះ។

នៅក្នុងការព្យាករណ៍មូលដ្ឋានរបស់ខ្លួន ធនាគារបានឲ្យដឹងថា GDP បន្ទាប់បន្សំរបស់អ៊ុយក្រែន នឹងធ្លាក់ចុះពី ១៤៩,៣ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២១ ដល់ ១២៤,១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២។

ធនាគារបានឲ្យដឹងទៀតថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២ សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ៣៧,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីបានធ្លាក់ចុះ ១៥,១ ភាគរយ និង ៣៩,៣ភាគរយនៅក្នុងត្រីមាសទី១ និងទី២ រៀងគ្នា។

ប្រភពបានឲ្យដឹងទៀតថា អត្រាអតិផរណា នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងឈានដល់ ៣១ភាគរយ នៅចុងឆ្នាំ២០២២ ធៀបនឹង ១០ភាគរយកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះដែរ ធនាគារបានព្យាករណ៍ថា សេដ្ឋកិច្ចអ៊ុយក្រែន នឹងត្រលប់មករកកំណើន នៅឆ្នាំ២០២៣ ជាមួយនឹង GDP កើនឡើង ៥,៥ ភាគរយ។ ធនាគារកណ្តាលរបស់ប្រទេសនេះ បានរាយការណ៍កាលពីខែឧសភាថា GDP របស់ប្រទេសអ៊ុយក្រែន បានកើនឡើង ៣,៤ភាគរយក្នុងឆ្នាំ២០២១ បន្ទាប់ពីការធ្លាក់ចុះ ៤ភាគរយក្នុងឆ្នាំ២០២០៕ ប្រែសម្រួល ឈូក បូរ៉ា

To Top