បាកដាដ ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kadhimi បានអំពាវនាវ ឱ្យមានកិច្ចសន្ទនា ថ្នាក់ជាតិមួយ ដើម្បីដោះស្រាយភាព ជាប់គាំងនយោបាយបច្ចុប្បន្ន ចំពេលមានការតវ៉ា ពីសំណាក់អ្នកគាំទ្រគណបក្សស៊ីអ៊ីត ដែលជាគូប្រជែង នៅទីក្រុងបាកដាដ។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយការិយាល័យ របស់គាត់ លោក al-Kadhimi បានជំរុញឱ្យក្រុមបាតុករ ជម្លៀសខ្លួន ចេញពីស្ថាប័ន រដ្ឋាភិបាល ហើយរៀបចំ “ការសន្ទនាថ្នាក់ជាតិ” ដែលពាក់ព័ន្ធនឹងភាគី ទាំងអស់ដើម្បី “គូរផែនទីបង្ហាញផ្លូវ សម្រាប់ដំណោះស្រាយ” ។
កាលពីថ្ងៃសៅរ៍ អ្នកដើរតាមរាប់រយនាក់ នៃបព្វជិតនិកាយស៊ីអ៊ីតដ៏លេចធ្លោ Moqtada al-Sadr បានចាប់ផ្តើមអង្គុយ នៅក្នុងអគារសភា ដោយបដិសេធការតែងតាំងលោក Mohammed Shia’ al-Sudani ជានាយករដ្ឋមន្ត្រីរបស់ប្រទេសនៅថ្ងៃទី២៥ ខែកក្កដា ដោយគូប្រជែងរបស់លោក al-Sadr នៅក្នុងក្របខ័ណ្ឌការ សម្របសម្រួល (CF) ដែលជាក្រុមឆ័ត្រ នៃគណបក្សសភានិកាយស៊ីអ៊ីត ។
កាលពីថ្ងៃចន្ទ ក្រុមបាតុករ CF រាប់ពាន់នាក់ បានធ្វើការតវ៉ាប្រឆាំង និងព្យាយាមចូលទៅជិត អគារសភា ខណៈដែលកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានដំឡើងរបាំងបេតុង និងបានប្រើកាណុងបាញ់ទឹក ដើម្បីការពារពួកគេ ពីការចូលទៅជិត ។
CF បានក្លាយជាសម្ព័ន្ធមិត្តដ៏ធំបំផុត នៅក្នុងសភាអ៊ីរ៉ាក់ បន្ទាប់ពីលោក al-Sadr បានបញ្ជាឱ្យអ្នកដើរតាមរបស់លោកនៅក្នុងចលនា Sadrist ដែលជាអ្នកឈ្នះដ៏ធំបំផុត នៅក្នុងការបោះឆ្នោត ដែលបានធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ដែលបានទទួលបាន ៨៣អាសនៈ ឱ្យដកខ្លួនចេញពីសភា ៕
ប្រែសម្រួល ឈូក បូរ៉ា