ព័ត៌មានអន្តរជាតិ

ចិន គ្រោងនឹងធ្វើសមយុទ្ធយោធា នៅភាគខាងកើតច្រកសមុទ្រកោះតៃវ៉ាន់ ជាប់ជាប្រចាំ

បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍រដ្ឋចិន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងយោធារបស់ប្រទេសចិន នឹងធ្វើការរៀបចំសមយុទ្ធយោធា ជាប់ជាប្រចាំរហូតនៅក្នុង តំបន់ច្រកសមុទ្រកោះតៃវ៉ាន់ ភាគខាងកើតរហូតដល់ មានការសម្រេចចិត្តថ្មី។

ទីតាំងដែលជាកន្លែងធ្វើ សមយុទ្ធយោធាត្រូវបានគេស្គាល់ថា គឺជាខ្សែបន្ទាត់មិនស្ថិត នៅក្រោមការគ្រប់គ្រងនៃភាគី ណាមួយឡើយទោះបីជាចិន ឬកោះតៃវ៉ាន់ក្តីហើយជាទូទៅ កងកម្លាំងយោធានៃភាគីទាំងពីរ គឺមិនសូវធ្វើដំណើរ ឆ្លងកាត់ទីនោះឡើយ ។

រំលឹកដែរថាសប្តាហ៍នេះ រដ្ឋាភិបាលប៉េកាំង បានបើកសមយុទ្ធយោធា ទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់ នៅក្រោយដំណើរទស្សនកិច្ច របស់លោកស្រីប្រធានសភាអាមេរិក Nancy Pelosi ដែលចិនតែងតែព្រមានជារឿយៗ ហើយថាមិនអាចឲ្យព្រឹត្តិការណ៍នេះ កើតឡើងទៅរួចឡើយ។

មកដល់ពេលនេះយន្តហោះ របស់ចិននៅតែបន្តធ្វើការហ្វឹកហាត់ និងសមយុទ្ធនៅពីលើដែនអាកាស ក្បែរកោះតៃវ៉ាន់នៅឡើយ ទោះបីជាមានប្រតិកម្មពីខាងភាគីតៃវ៉ាន់ និងអាមេរិកក្តីថា ចិនបានខិតខំប្រឹងប្រែងក្នុងការ ផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នឲ្យ កាន់តែមានភាពតានតឹង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top