ព័ត៌មានអន្តរជាតិ

ចិន បង់ក្លាដេស ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ

បរទេស៖ នាយករដ្ឋមន្ត្រីបង់ក្លាដេសលោកស្រី Sheikh Hasina ដែលបានជួបពិភាក្សាគ្នាជាមួយនឹង រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឈានទៅដល់ការប្តេជ្ញាចិត្តរួមគ្នាថា ប្រទេសទាំងពីរនឹងធ្វើការ បង្កើនកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅឡើងរវាងគ្នា។

លោក Wang បានថ្លែងថា ចិននិងបង់ក្លាដេស កំពុងរីករាយយ៉ាងខ្លាំងចំពោះទំនាក់ទំនង រវាងគ្នានិងជាពិសេស រវាងមេដឹកនាំដ៏មានបទពិសោធទាំងពីរ ដែលជាប្រវត្តិសាស្ត្រធ្លាប់មាន តាំងតែពីយូរមកហើយ និងគឺជាទំនាក់ទំនងដ៏មានទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។

លោកបន្តថាប្រទេសចិន តែងតែជាដៃគូយុទ្ធសាស្ត្រ ដែលអាចទុកចិត្តបានរបស់បង់ក្លាដេស ហើយនឹងបន្តគាំទ្រយ៉ាងរឹងមាំ ដល់ប្រទេសអាស៊ីខាងត្បូងមួយ ក្នុងការការពារឯករាជ្យជាតិ និងសេចក្តីថ្លៃថ្នូររបស់ខ្លួន។

ជាការឆ្លើយតបលោកស្រី នាយករដ្ឋមន្ត្រីបានថ្លែងថា៖ បង់ក្លាដេសទន្ទឹងរង់ចាំ ការធ្វើឱ្យស៊ីជម្រៅនូវ កិច្ចសហប្រតិបត្តិការដែល ផ្តល់ផលប្រយោជន៍ទៅវិញទៅមក រវាងភាគីទាំងពីរ ហើយតែងតែមានបំណងចង់រៀន ពីបទពិសោធន៍ជោគជ័យ របស់ប្រទេសចិនក្នុងការកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេស៕

ប្រែសម្រួល៖ ស៊ុន លី

To Top