តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ប្រសិនបើភាគីនៃកិច្ចចរចានៅទីក្រុងវីយែន ជាពិសេសសហរដ្ឋអាមេរិក ធ្វើសកម្មភាពជាក់ស្តែង និងជៀសវាងការទទួលយក វិធីសាស្រ្តដែលមិនមានលក្ខណៈស្ថាបនា ផ្លូវនឹងត្រូវបានត្រួសត្រាយ សម្រាប់កិច្ចព្រមព្រៀង ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។
លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បន្ទាប់ពីជុំចុងក្រោយនៃ កិច្ចចរចានៅទីក្រុងវីយែន បានបញ្ចប់នៅមុននេះ បើយោងតាមគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់។
លោក Amir-Abdollahian បានបន្ថែមថា ក្រុមចរចាអ៊ីរ៉ង់ បានចូលរួមក្នុងកិច្ចចរចា នៅរដ្ឋធានីអូទ្រីសដោយស្មោះត្រង់ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ និងដាក់ចេញនូវគំនិតស្ថាបនា ដើម្បីដោះស្រាយបញ្ហា ដែលនៅសេសសល់។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានលើកឡើងថា ទីក្រុងតេអេរ៉ង់បានជូនដំណឹងដល់លោក Enrique Mora អ្នកសម្របសម្រួលសហភាពអឺរ៉ុប សម្រាប់កិច្ចពិភាក្សានៅទីក្រុងវីយែន អំពីទស្សនៈ និងការពិចារណារបស់ខ្លួនអំពីគំនិត ដែលបានស្នើឡើង។
លោកបានបន្ថែមថា ភាគីទាំងអស់ត្រូវបានគេរំពឹងថា នឹងបង្ហាញពីការប្តេជ្ញាចិត្ត និងភាពស្មោះត្រង់ ដើម្បីឈានដល់អត្ថបទចុងក្រោយ នៃសេចក្តីព្រាងកិច្ចព្រមព្រៀង នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Amir-Abdollahian បានកត់សម្គាល់ថា កិច្ចព្រមព្រៀងចុងក្រោយត្រូវតែបំពេញសិទ្ធិ និងផលប្រយោជន៍របស់ប្រជាជនអ៊ីរ៉ង់ និងធានាការដកចេញប្រកបដោយ និរន្តរភាពនៃទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ៕
ប្រែសម្រួល ឈូក បូរ៉ា