តូក្យូ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃចន្ទបានសម្តែងការព្រួយបារម្ភ ចំពោះការកើនឡើងសកម្មភាព យោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានសភាតំណាងរាស្រ្ត អាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះដែលគ្រប់គ្រងដោយខ្លួនឯង ប៉ុន្តែបានបង្ហាញថា លោកមិនរំពឹងថា នឹងមានវិធានការបន្ថែមទៀត របស់ទីក្រុងប៉េកាំង ក្នុងការបង្កើនភាពតានតឹងនោះទេ។
អ្វីដែលលោកព្រួយបារម្ភនោះ គឺថាចិនកំពុងតែធ្វើដំណើរទៅមុខ ដូចជាពួកគេទៅហើយនោះ លោក បៃដិន បានប្រាប់អ្នកកាសែត ក្នុងទីក្រុង Delaware ដោយបន្ថែមថា “ប៉ុន្តែខ្ញុំគិតថា ពួកគេនឹងមិនធ្វើអ្វី បន្ថែមទៀតនោះទេ”។
មន្ត្រីមន្ទីរប៉ង់តាហ្គោនបានបដិសេធថា ការអភិវឌ្ឍន៍ចុងក្រោយនេះ បានផ្លាស់ប្តូរការវាយតម្លៃដែលថា ប្រទេសចិន ទំនងជាមិនប៉ុនប៉ងកាន់កាប់តៃវ៉ាន់ ដោយយោធាក្នុងរយៈពេលពីរឆ្នាំខាងមុខ ដែលជាទស្សនៈដែលលើកឡើង ដោយមន្ត្រីកំពូលរបស់ យោធាអាមេរិកលោក Mark Milley កាលពីឆ្នាំមុន។
នៅពេលសួរថាតើការ វាយតម្លៃត្រូវបានប៉ះពាល់ ឬអត់ លោក Colin Kahl អនុរដ្ឋលេខាធិការការពារជាតិ សម្រាប់គោលនយោបាយបានលើកឡើងថា “ទេ” ដោយលោកសំដៅដល់ការដែលថា វាមិនប៉ះពាល់នោះទេ។
កាសែត New York Times បានរាយការណ៍កាលពីចុងខែកក្កដា មុនពេលដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ថា រដ្ឋបាលលោក បៃដិន មានការព្រួយបារម្មណ៍អំពីសេចក្តីថ្លែងការណ៍ និងសកម្មភាពរបស់ចិន ទាក់ទងនឹងកោះតៃវ៉ាន់ ដោយមន្ត្រីមួយចំនួនមានការភ័យខ្លាចថា មេដឹកនាំចិន អាចនឹង “ព្យាយាមប្រឆាំងនឹងកោះ ដែលគ្រប់គ្រងដោយខ្លួនឯង ក្នុងរយៈពេលមួយ ឆ្នាំ កន្លះខាងមុខ”។
ទីក្រុងប៉េកាំង ប្រហែលជាព្យាយាមកាត់ផ្តាច់ការ ចូលទៅកាន់ច្រកសមុទ្រតៃវ៉ាន់ទាំងអស់ ឬមួយផ្នែក ដែលតាមរយៈនោះនាវា កងទ័ពជើងទឹកអាមេរិក ឆ្លងកាត់ជាទៀងទាត់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។
សមយុទ្ធយោធារបស់ចិន នៅជិតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹង ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi កាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងការបាញ់មីស៊ីលផ្លោង ដែលបង្កើនភាពតានតឹងនៅក្នុងតំបន់។ កាំជ្រួចមួយចំនួនពីប្រទេសចិន បានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ច ផ្តាច់មុខរបស់ប្រទេសជប៉ុន ដែលជារឿងដែលមិនធ្លាប់មានពីមុនមក នេះបើយោងតាមរដ្ឋាភិបាលជប៉ុន ៕
ប្រែសម្រួល ឈូក បូរ៉ា